ឧត្តមសេនីយ៍ទោ សោម ស៊ុន៖ អតីតយុទ្ធជន ដែលជាជនពិការ នឹងទទួលបានប័ណ្ណសមធម៌ សម្រាប់ការព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋទាំងអស់ដោយឥតគិតថ្លៃ
20-09-2018 12:04
(កំពង់ធំ)៖ ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន ជាជនពិការ ដែលពួកគាត់បានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បានអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា ហើយបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានបន្តដឹកនាំសហការី ចុះសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជន ជាជនពិការចំនួន ៣០នាក់ តំណាងឲ្យអតីតយុទ្ធជន ជាជនពិការ មកពីឃុំចំនួន៧ គឺ ឃុំកកោះ ឃុំជ្រាប់ ឃុំតាំងក្រសាំង ឃុំប្រាសាទ ឃុំព្នៅ ឃុំកំពង់ថ្ម និងឃុំត្បូងក្រពើ របស់ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីចុះសំណេះសំណាលសាកសួរសុខទុក្ខនេះដែរ ធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទីបញ្ជាការ ផ្នែកសឹករងសន្ទុក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយនូវសភាពការណ៍មួយចំនួន មុននឹងក្រោយការបោះឆ្នោត ការប្រព្រឹត្តទៅនៃរដ្ឋសភា និតិកាលទី៦ នឹងដំណើរការរបស់រាជរដ្ឋាភិបាលថ្មីអណត្តិទី៦ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជន ជាជនពិការទាំងអស់ ត្រូវចេះថែទាំសុខភាព និងបង្កបង្កើនផង ចិញ្ចឹមសត្វ ដើម្បីរួមចំណែក ធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង ហើយនៅពេលខាងមុខនេះ ដោយបានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា នឹងលោកទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បងប្អូននឹងបានទទួលនូវប័ណ្ណសមធម៍ សម្រាប់បងប្អូនអញ្ជើញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋទាំងអស់ដោយឥតគិតថ្លៃ។
ក្នុងឱកាសនេះ លោក និង ក្រុមការងារបានឧបត្ថម្ភជូនគាត់នូវអង្ករចំនួន ៧៥០គីឡូក្រាម មីយើងចំនួន ៣០កេះ មុងជ្រលក់ថ្នាំចំនួន ៣០ និងថវិកាចំនួន ៩០០,០០០រៀល និងបានជួយដោះស្រាយមធ្យោបាយធ្វើដំណើរជូនពួកគាត់ផងដែរ៕