Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរចាត់វិធានការ រថយន្ដយីឌុបដឹកខ្សាច់ឆ្លងកាត់ក្រុងក្រចេះ

17-09-2018 16:43

(ក្រចេះ)៖ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរក្រុងក្រចេះ ចាត់វិធានការរថយន្ដយីឌុបខ្នាតយក្សដឹកខ្សាច់ ឆ្លងកាត់ក្រុងក្រចេះជារៀងរាល់ថ្ងៃ ដែលផ្ទុកលើសទម្ងន់ ដែលអាចបង្កឲ្យខូចខាតស្ពានថ្នល់ និងបង្កការកកស្ទះចរាចរណ៍ជាដើម។

ប្រជាពលរដ្ឋ បានលើកឡើងថា រថយន្ដយីឌុបដឹកខ្សាច់ឆ្លងកាត់ក្រុងក្រចេះ រៀងរាល់ថ្ងៃ អាចបណ្ដាលឲ្យខូចខាតដូចជា ស្ពាន ផ្លូវ និងបង្កការកកស្ទះចរាចរណ៍ទៀតផង ហើយរថយន្ដទាំងនោះ ត្រូវគេដឹងថា ដឹកខ្សាច់ចេញពីការដ្ឋានបូមខ្សាច់ស្ថិតនៅភូមិឬស្សីចារ ឃុំថ្មក្រែរ ស្រុកចិត្របុរី ខេត្តក្រចេះ និងការដ្ឋានបូមខ្សាច់មួយកន្លែងទៀត ស្ថិតនៅភូមិ ក្រគរ សង្កាតក្រគរ ក្រុងក្រចេះ។

ពលរដ្ឋលើកឡើងទៀតថា ពីចំណុចការដ្ឋានបូមខ្សាច់ពីភូមិឬស្សីចារ មកដល់ក្រុងក្រចេះ ត្រូវឆ្លងកាត់ស្ពានទ្រុឌទ្រោមចំនួនពីរកន្លែង គឺស្ពានក្រគរ និងស្ពានអណ្ដែងដូន ត្រូវបានខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដាក់ផ្លាកសញ្ញាមិនអនុញ្ញាតឲ្យផ្ទុកទម្ងន់ឆ្លងកាត់លើសពី១០តោនទៅ តែរថយន្ដដឹកខ្សាច់ទាំងនោះ នៅតែបន្តដឹកជញ្ជូនគ្មានខ្លាចញញើត។

ពួកគាត់សុំឲ្យអាជ្ញាធរក្រុងក្រចេះ ចាត់វិធានការទៅលើរថយន្ដទាំងនោះផងថា បើបណ្ដោយឲ្យរថយន្ដទាំងនោះ នៅតែបន្ដទៀតនោះនឹងបាក់ស្ពាននៅថ្ងៃណាមួយមិនខានឡើយ ហើយនឹងអាចគ្រោះថ្នាក់ចរាចរណ៍ចំពោះអ្នករួមដំណើរជាមួយ។

ពាក់ព័ន្ធនិងបញ្ហាខាងលើនេះ លោក ស្រេង ាស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ស្ពានទាំងពីរកន្លែងនោះ ខាងមន្ទីរអនុញ្ញាតឲ្យទម្ងន់ឆ្លងកាត់ត្រឹមតែ១០តោនប៉ុណ្ណោះ ហើយរថយន្ដយីឌុបដឹកខ្សាច់ឆ្លងកាត់រាល់ថ្ងៃនេះ ពិតជាលើសទម្ងន់មែន។

លោកប្រធានមន្ទីររូបនោះ បន្តទៀតថា លោកអភិបាលខេត្ត បានបញ្ជាឲ្យចំណាត់ការទៅលើរថយន្ដទាំងនោះ ហើយលោកបានចាត់ឲ្យអនុប្រធានរបស់លោក សហការជាមួយនគរបាលគ្រោងនឹងចុះអនុវត្តន៍នៅពេលឆាប់ៗនេះហើយ៕