Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនន់ទឹកភ្លៀងហូរធ្លាក់មកពីប្រទេសថៃ បានបង្កឱ្យជន់លិចលង់តំបន់មួយចំនួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

13-09-2018 15:27

(បន្ទាយមានជ័យ)៖ ដោយសារទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសថៃនាថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ និងបានអូសបន្លាយរហូតដល់ម៉ោង៥ទាបភ្លឺថ្ងៃនេះ បណ្តាលឱ្យជន់លិចនៅសង្កាត់ចំនួន២ គឺសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល នៅក្នុងក្រុងប៉ោយប៉ែត។

បន្ទាប់ពីទឹកយ៉ាងច្រើនបានធ្លាក់មកពីប្រទេស​ថៃ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ក៏បានដឹកនាំមន្ត្រីជំនាញ លោកចៅសង្កាត់ប៉ោយប៉ែត លោកចៅសង្កាត់ផ្សារកណ្តាល ចុះទៅត្រួតពិនិត្យពីស្ថានភាពទឹកជំនន់ ទឹកភ្លៀងនៅក្រុងប៉ោយប៉ែតភ្លាមៗ និងបានយកអេស្កាវ៉ាទ័រកាយប្រឡាយរំដោះទឹកជំនន់ ឱ្យធ្លាក់ទៅផ្នែកខាងក្រោមបានឆាប់រហ័ស។ ពេលចុះរំដោះទឹកនោះឃើញថានៅតាមបណ្តាប្រឡាយរំដោះទឹកភ្លៀងមួយចំនួន បានរងការចាក់ដីលុប សំរាម កាកសំណល់ផ្សេង ក៏ព្រោះតែប្រជាពលរដ្ឋសាងសង់ផ្ទះ និងអគារធំៗ បង្កការកកស្ទះផ្លូវទឹក។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា រាល់ថ្ងៃនេះអាជ្ញាធរបានស្តារប្រព័ន្ធលូ ស្តារសំរាម និងហាមឃាត់មិនអនុញ្ញាតឱ្យមានការចាក់ដីលប់ប្រឡាយ និងយកសំរាមចាក់ចូលលូឡើយ។ លោកបន្តថា ខ្លះទៀតជាងជួសជុលម៉ូតូ មានកង់ម៉ូតូក្នុងលូ តូបលក់ឥវ៉ាន់ ក្នុងលូមានសំរាម កន្លែងជាងជួសជុលឡាន មានកង់ឡាន មានដែក មាននៅក្នុងលូ កន្លែងឡានរថយន្តមានអាចម៌ដី ក្នុងលូ ដូច្នេះហើយសូមប្រជាពលរដ្ឋគ្រប់រូប មានលំនៅដ្ឋានក្បែប្រព័ន្ធលូ មេត្តាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។

លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា បញ្ហាទឹកជំនន់ទឹកភ្លៀង និងធ្លាក់ទឹកពីថៃមកបង្កឱ្យប៉ះពាល់ក្រុងប៉ោយប៉ែត លិចលង់ចំនួន២សង្កាត់ តែយ៉ាងណាមិញ មិនបានបង្កឱ្យមានការប៉ះពាល់ ដល់ការខូចខាត់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋឡើយ៕