Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចំរុះត្រួតពិនិត្យទីតាំងកំសាន្តរាត្រី (ក្លឹប) ដើម្បីពិនិត្យប្រព័ន្ធសុវត្តិភាព បរិស្ថាន និងបញ្ហាគ្រឿងញៀន

13-09-2018 11:08

(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នៅរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងចំរុះខណ្ឌពោធិ៍សែនជ័យ ចុះតាមបណ្តាទីតាំងកំសាន្តមួយចំនួន នៅក្នុងភូមិសាស្រ្តខណ្ឌ ក្នុងគោលដៅត្រួតពិនិត្យមើល ប្រព័ន្ធសុវត្តិភាពដូចជា៖ ទ្វារហានីភ័យ បំពង់ពន្លត់អគ្គីភ័យ, បញ្ហាអនាម័យបរិស្ថាន និងបញ្ហាគ្រឿងញៀន។

នៅក្នុងប្រតិបត្តិការខាងលើនេះ លោកអភិបាលខណ្ឌ បានហៅអ្នកចាត់ការទូទៅប្រចាំក្លិប ឬចៅកែក្លិប អប់រំណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះភ្ញៀវ ពិសេសពួកយុវវ័យ ដែលគួរឱ្យសង្ស័យ ត្រូវឆែកឆេរខ្លួនប្រាណ មុននឹងអនុញ្ញាតឱ្យចូលកំសាន្ត ព្រោះក្នុងស្ថានភាពងងឹតៗ ងាយនឹងមានការប្រើប្រាស់គ្រឿងញៀនណាស់ បើមិនមានភាពតឹងរឹងនោះទេ។

លោក ហែម ដារិទ្ធិ បានថ្លែងថា នេះជាការចុះរដ្ឋបាលដោយបើកចំហរ ហើយក៏មិនមែនជាលើកទី១ដែរ គឺកម្លាំងចំរុះខណ្ឌតែបានចុះជាញឹកញាប់ តាមទីតាំងកំសាន្តនានា នៅក្នុងមូលដ្ឋាន សូមកុំព្រួយបារម្មណ៍អី គឺសុំតែម្យាងគត់ សុំកុំប្រើប្រាស់គ្រឿងញៀន បើកម្លាំងសមត្ថកិច្ចឆែករកឃើញ ត្រូវតែមានទោសតាមច្បាប់ជាធរមាន ជាមួយនេះ ក្លិបក៏ប្រឈមនឹងការបិទអាជីវកម្មផងដែរ។

លោក ហែម ដារិទ្ធ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ រីករាយណាស់ដោយឃើញប្អូនៗ មានលុយ និងមានឱកាសសប្បាយ តែសុំកុំដាក់ឱ្យជ្រុល បើស្រវឹងកុំបើកបរ ហើយបើបើកបរមិនកើត ហៅបងប្អូនមកទទួល ឬទាក់ទងមកសមត្ថកិច្ច នឹងជូនទៅដល់ផ្ទះ តែយកល្អប្អូនៗ កុំទទួលទានគ្រឿងស្រវឹងខ្លាំងពេក ក្រែងចេញទៅជួបកម្លាំងល្បាត ឬកម្លាំងត្រួតពិនិត្យជាតិអាល់កុល បើគេឆែកឃើញហួសកំរិត គេនឹងឃាត់ទុកមួយរយៈសិន រហូតដល់ស្វាងទើបអនុញ្ញាតិឱ្យទៅផ្ទះ៕