គណបក្សពន្លឺថ្មី ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្តក្នុងអាណត្តិថ្មី
08-09-2018 17:07
(ភ្នំពេញ)៖ ក្រៅពីសហគមន៍អន្តរជាតិ និងបណ្តាមន្រ្តីគណបក្សប្រជាជនកម្ពុជា, បណ្តាគណបក្សនយោបាយឯនោះវិញ ក៏បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ក្នុងអាណត្តិថ្មីផងដែរ។
គណបក្សពន្លឺថ្មីរបស់ នួន សុខាវី ដែលទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីនេះ បានអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន។
គណបក្សពន្លឺថ្មី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាមោទនភាពដ៏ឧត្តុងឧត្តមក្រៃលែងបំផុត សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងទាំងមូល ហើយសម្តេច គឺជាវីរៈបុរសរដ្ឋដ៏ឆ្នើមមួយរូប នៅក្នុងប្រវត្តិសាស្រ្ត ដែលតាំងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ»។
គណបក្សនយោបាយមួយនេះ បានបន្ថែមទៀតថា «ជាពិសេស សម្តេចបានបង្រួបបង្រួមជាតិបង្កើតឱ្យមានសន្តិភាព រកសេចក្តីសុខជូនប្រជាពលរដ្ឋឱ្យមានសុខដុមរមនា និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនេះ ឱ្យមានការរីកចម្រើនជាទីមោទនៈ»៕
ខាងក្រោមនេះជាសារលិខិតរបស់គណបក្សពន្លឺថ្មី៖