Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត នឹងបញ្ចប់បញ្ហាដីធ្លីជូនប្រជាពលរដ្ឋ មិនបណ្តោយឲ្យបញ្ហាថ្មីកើតមានទៀត និងស្នើឲ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាដីធ្លីឲ្យបានលឿនបំផុត

31-08-2018 10:53

(កំពត)៖ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយឲ្យខាងតែបានបញ្ហាដីធ្លី និងចុះវាស់វែង ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឲ្យបានលឿនបំផុត។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តនឹងធ្វើឲ្យកាន់តែប្រសើរជាងនេះទ្វេរដង ពិសេសបញ្ហាដីធ្លី ដែលនៅសេសសល់ បន្តពីបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ជាច្រើនអាណត្តិកន្លងមកនេះ បញ្ហាដីធ្លីនៅតែមានបន្តបន្ទាប់ មិនចេះចប់ មិនចេះហើយ។

លោកបញ្ជាក់ថា ដោយឡែកខេត្តកំពត អាចាស់ដោះមិនចេញ ហើយអាថ្មីចេះតែមានបន្ត ប៉ុន្តែនៅក្នុងពេលលោក មកកាន់តំណែងជាអភិបាលខេត្ត លោកនឹងបញ្ចប់បញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ហើយមិនបណ្តោយឲ្យបញ្ហាថ្មីកើតមានទៀតឡើយ។

បើតាមលោក​​​ ជាវ តាយ ចំពោះដីសម្បទានសង្គមកិច្ចវិញ ត្រូវប្រគល់ជូនទៅឲ្យប្រជាពលរដ្ឋ ដែលគ្មានដី គ្មានផ្ទះជាក់ស្តែង មិនអាចហ៊ុព័ទ្ធព្រៃសង្គមកិច្ច ទុកឲ្យបុគ្គលណាម្នាក់ឡើយ។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ ក៏បានក្រើនរំឭក ដល់សមាជិក ក្នុងកិច្ចប្រជុំ ពិសេសថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយឈរលើទស្សនៈស្មារតី ម្ចាស់ការ ស្មោះត្រង់ ហើយមិនត្រូវមានសតិអារម្មណ៍អ្វី ផ្ទុយពីផលប្រយោជន៍ បម្រើជាតិ និងប្រជាជនឡើយ ព្រោះមន្ត្រីរាជការទាំងអស់ជាមន្ត្រីសាធារណៈរបស់រដ្ឋ ត្រូវជួយបម្រើប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ប្រកបដោយនិរន្តរភាព និងមានឆន្ទៈស្មោះត្រង់៕