សមត្ថកិច្ចចុះត្រួតពិនិត្យក្លឹបកំសាន្ត៣ទីតាំង នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ រកឃើញ២ទីតាំង សង្ស័យបង្កប់ការប្រើប្រាស់គ្រឿង និងឃាត់ខ្លួនជនសង្ស័យខ្មែរ-ចិនមួយចំនួន យកមកសាកសួរ
30-08-2018 12:15
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងកំសាន្ត (ក្លឹប) ចំនួន៣ទីតាំងផ្សេងគ្នា ដោយរកឃើញក្លឹបកំសាន្តចំនួន២ទីតាំង សង្ស័យលួចបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្ថិតនៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ប្រតិបត្តិចុះត្រួតពិនិត្យនេះ ប្រព្រឹត្តឡើងនៅវេលាម៉ោង១២យប់ អធ្រាត្រថ្ថៃទី២៩ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៣០ សីហា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅចំណុចក្លឹបកំរាំឌីស្កូ ខារ៉ាអូរខេ នៅក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ចំនួន៣ទីតាំង ក្លឹបហ្គោលថោន និងក្លឹបថាច់ ដោន ក្លឹបឡាហ្វ៊ីរ៉ា ជនជាតិចិនជួល ចុះត្រួតពិនិត្យសមត្ថកិច្ចរកឃើញ វត្ថុតាងឧបករណ៍ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបថាច់ដោន និងក្លឹបឡាហ៊្វីរ៉ា ក្រុងប៉ោយប៉ែត មានការសង្ស័យទីតាំងនេះ អាចមានការប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយចំនួនត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងថ្វើតេស្តទឹកនោម ដោយឡែកម្ចាស់ ទីតាំងលោកព្រះរាជអាជ្ញា ឱ្យធ្វើកិច្ចសន្យាមិនឱ្យមាន អ្នកប្រើប្រាស់គ្រឿងញៀនតទៅទៀត៕