Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញលតស្វិត និងនំបាញ់ឌុកមានផ្ទុកសារធាតុគីមី Borax លក់នៅផ្សារទីរួមខេត្ត, មន្រ្តីសាខាកាំកុងត្រូខេត្តពោធិ៍សាត់ ដកហូតយកទៅដុតកំទេចចោល

23-08-2018 16:36

(ពោធិ៍សាត់)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព អ្នកប្រើតាមរយៈចំណីអាហារ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារទីរួមខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើតេស្តទៅលើមុខទំនិញមួយចំនួនដែលត្រូវបានចាត់ទុកថា មានហានិភ័យដូចជា ផ្អក ប្រហុក ត្រីងៀត សសៃរគុយទាវ សាច់ក្រក លតស្វិត បាញ់ឌុក តៅកឺ និងត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេចដទៃទៀត។

លោក តូច ចៅកុយ បានបន្តថា នៅក្នុងការត្រួតពិនិត្យខាងលើ ជាលទ្ធផលយើងរកឃើញលតស្វិត 3Kgs និង នំបាញ់ឌុក=3Kgs ដែលមានផ្ទុកសារធាតុគីមី Borax និងបានដកហូត ធ្វើការកំទេចចោល នៅនឹងកន្លែងតែម្តង។

ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីហាម ឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការ លាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕