Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តរតនគិរី៖ មណ្ឌលប្រឡងបាក់ឌុបរៀបចំរួចរាល់ ដំណើរការប្រឡងនឹងប្រព្រឹត្តទៅដូចប្រក្រតី

19-08-2018 10:33

(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះថា មណ្ឌលប្រឡងចំនួន ០២នៅក្នុងខេត្តរតនគិរី បានរៀបចំរួចរាល់ និងត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ។

លោកអភិបាលខេត្ត បានបន្តថា ដំណើរការប្រឡងនៅតែបន្តវិធានការរឹតបន្តឹងមិនឲ្យមានការចម្លងសំណៅឯកសារពីគ្នាទៅវិញទៅមក ឬយកសម្ភារៈអេឡិចត្រូនិចផ្សេងៗចូលក្នុងមណ្ឌលប្រឡងនោះឡើយ។ ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលក្នុងការផ្ញើមធ្យោបាយកង់ ម៉ូតូជូនសិស្សានុសិស្សដោយមិនគិតថ្លៃក្នុងថ្ងៃប្រឡងនេះ។

ក្នុងឱកាសចុះពិនិត្យមណ្ឌលប្រឡងនាព្រឹកថ្ងៃនេះ លោក ថង សាវុន បានជំរុញលើកទឹកចិត្តសិស្សានុសិស្សដែលត្រូវប្រឡងត្រូវមានការជឿជាក់លើសមត្ថភាពខ្លួនឯង មិនត្រូវភ័យខ្លាចឡើយ ហើយត្រូវអនុវត្តគោរពតាមបញ្ញត្តិដែលក្រសួងបានកំណត់។

សូមបញ្ជាក់ថានៅក្នុងខេត្តរតនគិរី មានបេក្ខជនត្រូវចូលរួមការប្រឡងចំនួន ៩១៤នាក់ ស្មើនឹង ៣៧បន្ទប់ ចែកចេញជាពីរមណ្ឌល ហើយសិស្សានុសិស្សគ្រប់វិទ្យាល័យទាំងអស់ត្រូវបានទទួលការបំប៉នបន្ថែមដោយឥតគិតថ្លៃលើមុខវិទ្យាមួយចំនួនដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត៕