ក្រសួងធនធានទឹក ព្រមានពីការហក់ឡើងយ៉ាងគំហុក របស់ទឹកទន្លេសេសាន ខេត្តរតនគិរី រហូតដល់កម្រិតប្រកាសអាសន្ន ដោយសារទឹកភ្លៀង
15-08-2018 12:55
(រតនគិរី)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានពីការហក់ឡើយខ្លាំងយ៉ាងគំហុក រហូតលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៃទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី ដោយសារបរិមាណទឹកភ្លៀង ដែលបានធ្លាក់ច្រើនជាប់ៗគ្នា។
តាមរយៈ Facebook ផ្លូវការក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង១០៖៣០នាទី នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន មានកម្ពស់ ១០.៧០ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០.៥០ម៉ែត្រប៉ុណ្ណោះ។
បើតាមក្រសួងធនធានទឹក តំបន់មួយចំនួនដែលនៅតាមដងទន្លេ នៃខេត្ដរតនគិរី កំពុងត្រូវបានទឹកជន់លិចចូលជាបណ្ដើរៗ ដែលត្រូវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ៕