បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមម៉ាទឹកកក២៩ថង់ ទៅតុលាការខេត្តបាត់ដំបង
31-07-2018 16:14
(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលជំនាញខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនឹងម៉ាទឹកកកចំនួន ២៩ថង់ ទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង២៖១៥នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល។
លោក ស៊ាន សុណាល់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ភឿន សុផា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃអម្ពរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបានរួមមាន៖ ម៉ាទឹកកក២៩ថង់តូច មានទម្ងន់ស្មើនឹង៣.៦០ក្រាម និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញស្នងការនគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕