Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន៖ សភាពការណ៍សន្ដិសុខទូទៅ នៃដំណើរការបោះឆ្នោត​ ប្រព្រឹត្តទៅ​យ៉ាងរលូន​មិនមានបញ្ហាអ្វីទាំងអស់

29-07-2018 12:00

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សភាពការណ៍សន្ដិសុខទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ កំពុងប្រព្រឹត្តទៅបានយ៉ាងរលូត មិនមានបញ្ហាអ្វីគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនៅទេ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ សភាពការណ៍ទូទៅគឺមានលក្ខណៈល្អប្រសើរ មិនមានអំពើហិង្សា ឬអំពើអសន្ដិសុខណាមួយកើតឡើងនោះទេ ហើយការបោះឆ្នោតកំពុងប្រព្រឹត្តទៅបានយ៉ាងរលូន នៅទូទាំងប្រទេសតែម្ដង»

ជាមួយគ្នានេះ សម្រាប់សភាពការណ៍នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ Fresh News ឲ្យដឹងដែរថា ក៏មានសភាពការណ៍ល្អប្រសើរ គ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងនោះទេ។

បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងនគរបាលកំពុងតែល្បាតនៅក្នុងមូលដ្ឋាន ដោយប្រើប្រាស់មធ្យោបាយរថយន្ដ និងម៉ូតូតាមគ្រប់រូបភាពទាំងអស់ ដើម្បីត្រៀមបង្ក្រាបបទល្មើសផ្សេងៗ ដែលអាចកើតឡើង ដោយសារតែប្រជាពលរដ្ឋបានបិទទ្វារផ្ទះ ហើយអញ្ជើញទៅបោះឆ្នោត។​

សូមជម្រាបថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ បានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត៕​