Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងកសិកម្ម ដាក់ចេញនូវវិធានការជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបំពេញភារកិច្ចឲ្យបានកាន់តែល្អប្រសើរ

13-07-2018 12:44

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំ គ្រប់អង្គភាពក្រោមឱវាទក្រសួង ក្នុងការគ្រប់គ្រងមន្រ្តីរាជការ និងដាក់ចេញនូវវិធានការមួយចំនួន ក្នុងការបំពេញភារកិច្ចឲ្យបានល្អប្រសើរ។

ថ្លែងក្នុងពិធីនោះ លោក វេង សាខុន បានដាក់ចេញនូវវិធានការ សំខាន់ៗ៦ចំណុច ឲ្យថ្នាក់ដឹកនាំក្រសួងអនុវត្ដ ដែលឈានទៅដល់ការចូលរួមចំណែក រួមមាន៖

១៖ សហការ និងគាទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំង ធានាបាននូវសន្តិសុខសម្រាប់ការបោះឆ្នោត។

២៖ គោរព និងអនុវត្ត និងឲ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពី ការជ្រើសតាំងតំណាងរាស្រ្ត និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទិ៦ លើការប្រើប្រាស់សម្ភារ និងមធ្យោបាយរបស់រដ្ឋ។

៣៖ បង្កើនយកចិត្តទុកដាក់ ការគ្រប់គ្រងមន្រ្តីក្រោមឱវាទ ដោយត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងដោះស្រាយការលំបាក និងភាពអសកម្មនានា ឲ្យបានល្អប្រសើរ។

៤៖ ពង្រឹង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ដោយត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដោះស្រាយសំណូមពរ និងសំណើនានាប្រកបដោយប្រសិទ្ធភាព និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។

៥៖ ពង្រឹងការដឹកនាំ និងលើកទឹកចិត្តសហគមន៍កសិម្ម ព្រៃឈើ និងនេសាទ ឲ្យចូលរួមសកម្មភាព ក្នុងការថែរក្សាធនធានធម្មជាតិ បង្ការ ទប់ស្កាត់បទល្មើស និងកាត់បន្ថយទំនាស់នានា នៅមូលដ្ឋាន។

៦៖ សហការ និងពង្រឹង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាដៃគូក្នុងអនុវត្តគម្រោងជាមួយក្រសួង ដោយត្រូវធ្វើសកម្មភាពឲ្យស្របតាមលក្ខខណ្ឌការងារ ដែលបានព្រមព្រៀង និងគោរពច្បាប់នៃកម្ពុជា៕