សម្ពោធដាក់ប្រើប្រាស់ខ្លោងទ្វារ និងរបងសាលាឃុំរក្សា ខេត្តព្រះវិហារ, ប្រធានបក្សខេត្ត អំពាវនាវឲ្យពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងត្រៀមឯកសារបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា
06-07-2018 17:36
(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋរួមគ្នា ថែរក្សាសុខសន្តិភាពដែលមានស្រាប់នៅកម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្យយូរអង្វែង ដើម្បីឲ្យប្រទេសយើង ទទួលបានការអភិវឌ្ឍ ឲ្យរីកចម្រើនតទៅទៀត។ មិនតែប៉ុណ្ណោះ លោកអ៊ុន ចាន់ដា ក៏បានអំពាវនាវឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកអ៊ុន ចាន់ដា ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ ខ្លោងទ្វារ និងរបងអគារសាលាឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដែលជាការកសាងឡើងដោយលោកផ្ទាល់ រួមជាមួយសមាជិកក្រុមការងារជាច្រើនរូបទៀត នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ។
លោកអ៊ុន ចាន់ដាបានបន្តទៀតថា «ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត តែក្នុងរយៈពេល៣៩ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះយើងត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម»។
លោកបាន បានបន្ថែមទៀតថា ការងារជាច្រើនបានមកដល់គៀកនឹងផ្ទះសម្បែងហើយ ដោយឡែកនៅខេត្តនេះ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានរោងចក្រសហគ្រាស ជាច្រើន កន្លែងអាចស្រូបយកកម្លាំងកម្មករច្រើន ដោយមិនបាច់ចំណាលពេលទៅធ្វើការនៅស្រុកគេ ចាកចោលផ្ទះសម្បែង និងក្រុមគ្រួសារ និងម្យាងវិញទៀតត្រូវខិតខំបង្កបង្កើនផល ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារផងដែរ៕