Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ព្រមានពីការឆ្លងមេរោគផ្តាសាយធំ ​និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ នារដូវភ្លៀងធ្លាក់នេះ (Video inside)

05-07-2018 16:18

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានព្រមានពីការឆ្លងមេរោគផ្តាសាយធំ ដែលអាចនាំឲ្យប៉ះពាល់ដល់អាយុជីវិត បើសិនមិនបានស្វែងរកការព្យាបាល ទាន់ពេលវេលាទេនោះ។ នេះជាការបញ្ជាក់របស់លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

លោក លី សុវណ្ណ បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ប្រទេសជិតខាងយើង មានការប្រកាសពីការរីករាលដាលជំងឺផ្តាសាយធំ H1N1 (កាលពីឆ្នាំ២០០៩ ហៅថា ផ្តាសាយជ្រូក តែមេរោគផ្តាសាយនេះ បានបំលែងខ្លួនទៅជាផ្តាសាយធំធម្មតាកាលពី ឆ្នាំ២០១២ម្ល៉េះ) បណ្តាលឲ្យឈឺ និងស្លាប់ជាច្រើនករណី។ ចំពោះប្រទេសយើងវិញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏ទទួលបានរបាយការណ៍ពីការកើនឡើង នៃជំងឺផ្តាសាយធំ ដែលក្នុងនោះ ក៏មានឃើញវិជ្ជមាន មេរោគផ្តាសាយ H1N1 ផងដែរ តាមរយៈប្រព័ន្ធតាមដានជំងឺផ្តាសាយ តែពុំទាន់រកឃើញករណីធ្ងនើធ្ងរនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ»

បើតាមអ្នកនាំពាក្យរូបនេះ តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា «ក្នុងប្រទេសយើង នៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយ មេរោគផ្តាសាយច្រើនប្រភេទ (Seasonal Influenza: H1N1, H3N2, H2N2, Influenza B & C) ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យចំឡងជំងឺផ្តាសាយធំនេះ»

លោក លី សុវណ្ណ បានពន្យល់ថា ក្រុមអ្នកជំងឺដែលមានជំងឺផ្តាយសាយធំអាចវិវត្តន៍ទៅជំងឺធ្ងន់ធ្ងររួមមាន៖ កុមារអាយុក្រោម៥ឆ្នាំ, មនុស្សចាស់លើសពី៦៥ឆ្នាំ, ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

អ្នកនាំពាក្យរូបនេះ បានណែនាំថា ការបង្ការជំងឺផ្តាសាយធំរួមមាន៖ ឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹក, លាងជាមួយអាល់កុល ឬថ្នាំហ្សែល, នៅឆ្ងាយពីអ្នកជំងឺផ្តាសាយលើសពី១ម៉ែត្រ, ឲ្យអ្នកជំងឺផ្តាសាយពាក់ម៉ាស់ និងលាងដៃសាប៊ូនិងទឹកដែរ។ ដោយឡែក រោគសញ្ញាជំងឺផ្តាសាយធំរួមមាន៖ គ្រុនក្តៅលើសពី៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់។

ការព្យាបាលគឺ ប្រើថ្នាំបញ្ចុះកំដៅ, ផឹកទឹកឲ្យបានច្រើន, គេងលក់ស្កប់ស្កល់, កាត់បន្ថយការហាត់ប្រាណ, ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ, ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង។

បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៍ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ។ បើបងប្អូនឃើញរោគសញ្ញា គ្រុនក្តៅច្រើន ឬផ្តាសាយច្រើន ក្នុងភូមិក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ។ នេះជាការបញ្ជាក់បន្ថែមពីលោក លី សុវណ្ណ៕