រដ្ឋមន្រ្តីការពារជាតិ ហាមមិនឱ្យយក យានជំនិះស្លាកលេខខ.ម ឬសម្ភារៈយោធា ទៅចូលរួមយុទ្ធនាការ ឃោសនាបោះឆ្នោត របស់បក្សណាមួយឡើយ
03-07-2018 12:43
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃនេះ បានណែនាំដល់បណ្តាអង្គភាពទាំងអស់ក្រោមចំណុះក្រសួងការពារជាតិ មិនត្រូវឱ្យមានការយករថយន្ត សម្លៀកបំពាក់ ឬសម្ភារៈយោធាផ្សេងទៀត ទៅចូលរួមប្រើប្រាស់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាពេលខាងមុខនេះឡើយ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការដាក់ណែនាំរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដែលធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តរបស់កម្ពុជា។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានរយៈពេល២១ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕