Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សត្វផ្សោត១ក្បាលទម្ងន់ជិត១០០គីឡូក្រាម បានងាប់ដោយសារជាប់មង នៅអន្លង់ផ្សោតកាំពី

28-06-2018 12:47

(ក្រចេះ)៖ សត្វផ្សោត១ក្បាលទម្ងន់ជិត១០០គីឡូក្រាម បានងាប់ដោយសារជាប់មង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅខាងលើអន្លង់កាំពីប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ម៉ក ពន្លក នាយរងខណ្ឌជលផល និងជាប្រធានឆ្មាំទន្លេ បានឲ្យដឹងថា សត្វផ្សោត១ក្បាល ដែលត្រូវបានងាប់នោះ គឺបណ្ដាលមកពីជាប់មង ហើយវាជាប្រភេទសត្វផ្សោតឈ្មោល មានទម្ងន់ ៩២គីឡូក្រាម មានប្រវែង១,៩៤ម៉ែត្រ។ ផ្សោតងាប់នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការណ៍ទៅឆ្មាំទន្លេ។ បន្ទាប់ពីមានការរាយការណ៍ ក្រុមឆ្មាំទន្លេ បានយកមករក្សាទុក នៅស្នាក់ការអង្គការ wwf ។

លោកនាយរងខណ្ឌរូបនេះ បានបន្តថា មងគឺជាវុធប្រល័យផ្សោត ព្រោះផ្សោត១ក្បាលនេះ ងាប់ដោយសារជាប់មង។ លោកថាសត្វផ្សោតក្នុងរយៈពេលពី១០ទៅ១៥នាទី ត្រូវងើបដកដង្ហើមម្ដង តែត្រូវជាប់មងហើយ ងើបដកដង្ហើមមិនរួច ទើបបណ្តាលឲ្យងាប់តែម្តង។

បើតាមលោកម៉ក ពន្លក នាពេលកន្លងមកលោកតែងតែដឹកនាំ ចុះបង្ក្រាបយកម៉ងទៅដុតចោល តែត្រូវពលរដ្ឋលើកឡើងថា ខាងជំនាញតែងតែរឹបអូសរបស់ពួកគាត់ដុតចោល ទោះបីជាពួកគាត់ដាក់មងលក្ខណៈគ្រួសារក៏ដោយ ហើយពួកគាត់តែងតែខឹងនឹងមន្រ្តីជំនាញ។

ជាមួយគ្នានេះ លោកនាយរងសូមអំពាវនាវដល់ពលរដ្ឋ កុំឲ្យប្រើឧបករណ៍នេសាទដូចជា មង និងឧបករណ៍ឆក់ត្រី ក្នុងតំបន់ហាមឃាត់ផងដែរ។ លោកក៏បានណែនាំ ពលរដ្ឋទាំងអស់ ជួយថែរក្សាផ្សោត ព្រោះសត្វផ្សោត គឺជាប្រភេទសត្វកម្រ៕