Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បញ្ជ្រាបការអប់រំ តាមបែបព្រះពុទ្ធសាសនាដល់ សិស្សនុសិស្សនៅស្រុកសន្ទុក

22-06-2018 12:22

(កំពង់ធំ)៖ សិស្សានុសិស្ស មកពីវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងស្រុសន្ទុកចំនួន១១ នាំគ្នាចូលរួមទទួលយក ការអប់រំតាមបែបព្រះពុទ្ធសាសនា ពីសំណាក់សម្ដេចព្រះពិជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងសម្ដេច ចរិយា ឈឹង ប៊ុនឈា អគារធិការរងពុទ្ធិកៈសិក្សាជាតិ ដើម្បីពង្រឹង​ស្មារតីខ្លួនឲ្យបានល្អ ប្រព្រឹតតែអំពើល្អ និងដើរតម្រង់ទៅផ្លូវមួយដ៏ត្រឹមត្រូវ។

កម្មវិធីការអប់រំ តាមផ្នែកព្រះពុទ្ធសាសនានេះ រៀបចំឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងបរិវេណវត្តកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ដោយមានការចូលរួមពីពុទ្ធកសមាគមកម្ពុជា រដ្ឋក្រោម រួមទាំងមានការឧត្ថម្ភពី លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំផងដែរ។

លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទស្សនទាន ព្រះពុទ្ធសាសនា ដែលមាននៅថ្ងៃនេះ នឹងបានរួមចំណែកជួយដល់សិស្សានុសិស្ស ក្នុងស្រុកសន្ទុក នូវការអប់រំ និងចំណេះដឹងថ្មីៗបន្ថែមទៀត ពីការរៀនសូត្រនៅសាលា។ ការអប់រំនេះ ជាការអប់រំ ខាងផ្នែកផ្លូវចិត្តដើម្បីឲ្យសិស្សប្រព្រឹត្តិអំពើល្អ។

សម្ដេចព្រះពិជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងសម្ដេច ចរិយា ឈឹង ប៊ុនឈា អគារធិការរងពុទ្ធិកៈសិក្សាជាតិ មានសង្ឃដិការថា កម្មវីធីទស្សនទាន ព្រះពុទ្ធសាសនានេះ មានសារសំខាន់ណាស់ ព្រោះអាចជួយឲ្យសិស្ស បានយល់ដឹងពីតម្លៃ នៃការរៀនសូត្រ និងគុណទោសធ្វើតែ​អំពើល្អ ចេះគោរពដឹងគុណអ្នកដទៃ រួមទាំងតម្រង់ផ្លូវទៅកាន់ភាពត្រឹមត្រូវ។

សូមបញ្ជាក់ថា កម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនានេះ ធ្វើឡើងជាលើកទី៧ហើយ នៅក្នុងខេត្តកំពង់ធំ ក្នុងនោះក៏ទទួលបាន ការគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរពិសេស មាតាបិតា និងអាណាព្យាបាលសិស្ស។

ក្នុងឱកាសនោះលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានចែកសំភារៈ និងថវិកាជាអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សិស្សានុសិស្សទៀតផងដែរ៕