បេក្ខជនតំណាងរាស្រ្តថ្មី លោក យឹម លាត៖ អ្នកប្រឹងរៀន រមែងបានផលចំណេះដឹង អ្នកដាំស្រូវ រមែងបានផលស្រូវ
20-06-2018 09:39
(កំពង់ធំ)៖ បេក្ខជនតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា លោក យឹម លាត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលសិស្សពូកែដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ប្រចាំឆមាសចំនួន១៣៥នាក់ មកពីវិទ្យាល័យចំនួន៣ គឺវិទ្យាល័យរស្មីសោភ័ណ្ឌ វិទ្យាល័យរុងរឿង និងវិទ្យាល័យជាស៊ីមប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោក យឹម លាត បានណែនាំឲ្យសិស្សានុសិស្សដែលជាម្ចាស់ជយលាភីទាំងអស់ ត្រូវតែបន្តប្រឹងប្រែនរៀនសូតបន្ថែមទៀត ដើម្បីសម្រេចជោគជ័យនៅថ្ងៃអនាគត ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន នាំឲ្យអន្ដរាយដល់ក្រុមគ្រួសារ និងសង្គមជាតិ។
បន្ថែមពីនេះ លោក យឹម លាតក៏ បានលើកឡើងអំពីសារៈសំខាន់ នៃការសិក្សាភាសាបរទេស និងលើកទឹកចិត្តឲ្យសិស្សានុសិស្សនៅគ្រប់វិទ្យាល័យ ខិតខំសិក្សាភាសាបរទេស បន្ថែមលើមុខវិជ្ជាសិក្សាជាភាសាខ្មែរ ដើម្បីមានឱកាសច្រើនក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេស និងក្រៅប្រទេសនាពេលអនាគត។
ជាមួយគ្នានេះ សិស្សពូកែទូទាំងស្រុកស្ទោង ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ទទួលបានមួកសុវត្ថិភាព ដោយផ្ទាល់ពីបេក្ខជនតំណាងរាស្រ្តថ្មី ប្រចាំខេត្តកំពង់ធំ ម្នាក់មួយផងដែរ៕