Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ភេសជ្ជៈគោជល់» ប្រកាសឧបត្ថម្ភ ៥០០ដុល្លារក្នុងម្នាក់ៗ ដល់អ្នកប្រដាល់គុនខ្មែររូបណា ដែលដណ្តើមខ្សែក្រវាត់ពីបារាំង

15-06-2018 16:51

(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ នឹងឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០ដុល្លារ ជូនដល់កីឡាករប្រដាល់គុនខ្មែរ រូបណា ដែលបានដណ្ដើមខ្សែក្រវាត់ ក្នុងការប្រកួតប្រដាល់ ជាលក្ខណៈអន្តរជាតិ នៅប្រទេសបារាំង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់ លោក មាន សំអុល នាយកភេសជ្ជៈគោជល់ នៅកម្ពុជា។

អ្នកប្រដាល់គុនខ្មែរ ដ៏ល្បីល្បាញរបស់កម្ពុជា៤រូប គឺកីឡាការ ម៉ឺន សុភា, កីឡាករ ឡៅ ចន្ទ្រា, កីឡាករ ឃុន ឌីម៉ា និងកីឡាករ ផាន់ គ្រាន់ ត្រូវប្រកួតក្នុងកម្មវិធី Rahu Fight II 2018 ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ មិថុនា នៅសង្កាត់ Bussy St. Georges ទីក្រុងប៉ារីស ហើយក្នុងនោះ កីឡាករ ឃុន ឌីម៉ា ត្រូវប្រជែងខ្សែក្រវាត់ជាមួយកីឡាករម្ចាស់ស្រុក។

លោក មាន សំអុល គូសបញ្ជាក់ថា ការឧបត្ថម្ភទឹកប្រាក់នេះ គឺជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែរ ក្នុងការរួមចំណែកលើកកម្ពស់អភិវឌ្ឍវិស័យ កីឡាប្រដាល់កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺជំរុញឱ្យអ្នកប្រដាល់ ដែលចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ឱ្យខិតខំអស់ពីសមត្ថភាព ដើម្បីកសាងកិត្តិយស និងដណ្តើមបានខ្សែក្រវាត់ពីលើឆាកអន្តរជាតិ មកជូនជាតិមាតុភូមិរបស់ខ្លួន។

ប្រតិភូកីឡាប្រដាល់គុនខ្មែរកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារាំង កាលពីទីថ្ងៃទី៧ ខែឧសភាឆ្នាំ ២០១៨ សម្រាប់ការប្រកួតអន្តរជាតិ Rahu Fight II 2018 ដោយ ដំណើរទៅកាន់ប្រទេសបារាំងលើកនេះ ទទួលបានការជួយជ្រោមជ្រែង និងរៀបចំដោយលោក ហេង កុកអៀរ និងលោក ហួរ សុធី ម្ចាស់ក្លឹប Prodal Boran ដែលតែងតែនាំយកកីឡាករកម្ពុជា ទៅផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសបារំាង៕