ញ៉ាមលួចកាច់កញ្ចក់រថយន្តបានជាច្រើនខែ តែបែរមកភ្លាត់ស្នៀតជាប់ខ្នោះអាវុធហត្ថរាជធានីភ្នំពេញ (Video inside)
14-06-2018 12:44
(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ម្នាក់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ស្តីពីករណីចោរលួចកាច់កញ្ចក់រថយន្តរបស់គាត់ ម៉ាកឡិចស៊ីស នៅចំណុចខាងក្រោយតារាង បាល់ទាត់ ឌីប្លូស្ព័តសិនធ័រ ស្ថិតនៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅថ្ងៃដដែលនោះ កម្លាំងជំនាញរបស់អាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរកឃើញ ជនសង្ស័យ ឈ្មោះ ចាន់ វុទ្ធី កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CT-3644 បម្រុងធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយផ្សេងទៀត នៅចំណុចផ្លូវ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ចាន់ វុទ្ធី បានរៀបរាប់ថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាព លួចកាច់កញ្ចក់រថយន្ត ជាច្រើនរាប់ភ្លេច អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ហើយកញ្ចក់រថយន្តរបស់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ដែលបានដាក់ពាក្យបណ្តឹង នៅអាវុធហត្ថឲ្យជួយស្រាវជ្រាវនោះ គឺពិតជារូបខ្លួនជាអ្នកលួចកាច់ពិតប្រាកដមែន។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕