ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុករមាសហែក
10-06-2018 18:08
(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុករមាសហែក ខេត្តស្វាយរៀង។
លោកស្រី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលនូវចំណុចសំខាន់ចំនួន៣ រួមមាន៖
១៖ មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និងបាតុកម្ម នៅក្នុងរោងចក្រនោះទេ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅក្នុងមូលដ្ឋាន។
២៖ ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ថែរក្សស្ថិរភាពនយោបាយ ថែរក្សាការពារនូវសមិទ្ធិផលដែលបាន ពីការខិតខំរបស់រាជរដ្ឋភិបាល និងត្រូវខិតខំដោះស្រាយនូវការលំបាក និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
៣៖ ត្រូវបង្កើនចលនាដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខឲ្យបានគ្រប់គ្នាៗ និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជាដែលមានលេខរៀងទី២០ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕