សមត្ថកិច្ច ចាប់ខ្លួនយុវជនម្នាក់ ក្រោយបំផ្លាញស្លាក គណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ទន្លេបាសាក់ គ្រាការបោះឆ្នោតជិតចូលមកដល់
10-06-2018 14:19
(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានបំផ្លាញស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដោយកាត់រូបសម្ដេចតេជោ ហ៊ុន សែន ចេញពីស្លាកគណបក្ស គ្រាដែលការបោះឆ្នោតជិតចូលមកដល់។
ករណីនេះ បានកើតឡើង នៅវេលាម៉ោងជិត១រសៀល នៅចំណុចគល់ស្ពានឥន្ធនូ ផ្លូវបាសាក់ ភូមិ១០ ក្រុម៥៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ឧត្តម អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៦២៨ ភូមិដើមព្រីង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
បើតាមមន្ដ្រីនគរបាល ក្រោយពីសាកសួរ និងធ្វើតេស្យទឹកនោមលើជននេះ ជាលទ្ធផលរកឃើញថា រូបគេមានសារធាតុញៀន នៅក្នុងខ្លួន៕