Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីចំណាស់អាយុ៩៣ឆ្នាំ ផ្តល់សម្ភារៈសិក្សាដល់កុមារ ក្នុងសាលាបឋមសិក្សាអូរកន្ធរត្បូង ក្រុងស្ទឹងសែន ក្នុងទិវាកុមារអន្តរជាតិ

02-06-2018 14:48

(កំពង់ធំ)៖ ដើម្បីចូលរួមលើកស្ទួយវប្បធម៌ចែករំលែកក្នុងសង្គមជាតិ នៅក្នុងឱកាសប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៦៩ លោកយាយ គៀន យឹម អាយុ៩៣ឆ្នាំ បាននាំយកសម្ភារៈសិក្សាចែកជូន កុមារនៅសាលាបឋមសិក្សាអូរកន្ធរត្បូង ប្រមាណជាង ២០០នាក់ នៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក សៀន ហុងធេង តំណាងឲ្យលោកយាយ គៀន យឹម បានលើកឡើងថា លោកយាយចូលចិត្តធ្វើបុណ្យដោយ ចែកជូននូវសម្ភារៈទៅកាន់មនុស្សទូទៅ ជាពិសេសការចែករំលែកទាក់ទងទៅនឹងការសិក្សា។

លោកបានបន្តថា ការអប់រំពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនោះ គឺកុមារព្រោះការផ្តល់ចំណេះដឹងទៅអ្នកដទៃ ហាក់បីដូចជាបានផ្តល់នូវទ្រព្យមហាសាលទៅឲ្យគេ។ ចំណែកលោកយាយកាលពីសម័យគាត់នៅជាយុវវ័យ មិនដែលបានសិក្សាទេ ដោយសារសម័យនោះគ្រួសារមានជីវភាពក្រីក្រ។

លោកបន្តថា មូលហេតុដែលក្រុមគ្រួសាររបស់លោកយាយ តែងតែប្រារព្ធកម្មវិធីដូចថ្ងៃនេះ ដោយសារនេះជាការក្រើនរម្លឹក ដល់ប្រជាពលរដ្ឋមានទឹកចិត្តសប្បុរស ចេះស្រលាញ់នូវសន្តិភាព និងរួមគ្នាទប់ស្កាត់ប្រឆាំងអំពើហិង្សា និងការកេងប្រវ័ញ្ច កម្លាំងពលកម្មកុមារ។

លោកបានឲ្យដឹងទៀតថា អនាគតប្រទេសជាតិ សង្ឃឹមទៅលើកូនខ្មែរជំនាន់ក្រោយៗបន្តទៀត ដូច្នេះសូមឲ្យកុមារ៉ា កុមារីទាំងអស់ កសាងខ្លួនឲ្យបានល្អ និងត្រូវប្រឹងប្រែងរៀនសូត្រ ឲ្យក្លាយជាសិស្សពូកែ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីកចម្រើនបន្តទៀត។

គោលបំណងសំខាន់របស់លោកយាយ គឺចង់ជួយសង្គម ស្របពេលដែលប្រទេសកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាពពេញ និងការអភិវឌ្ឍមិនចេះចប់ ខណៈដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ និងការគោរគោរពសិទ្ធិមនុស្ស និងកុមារផងដែរ៕