ក្រសួងសុខាភិបាលកម្ពុជា-ចិន ទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិត របស់និស្សិតខ្មែរសិក្សានៅប្រទេសចិន១០៥រូប
31-05-2018 19:07
(ប៉េកាំង)៖ លោក អ៊ុ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានឲ្យដឹងថា យុវជន-និស្សិតកម្ពុជាកំពុងសិក្សាជំនាញសុខាភិបាលចំនួន១០៥រូប នៅប្រទេសចិន ទទួលបានការទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិត ដែលចេញដោយគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាលស្របច្បាប់ ពីសាធារណរដ្ឋប្រជាមានិតចិន និងពីក្រសួងសុខាភិបាលកម្ពុជា។
សមាគមនិស្សិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល ដែលមានលោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី បានចេញលិខិតក្នុងការទទួលសញ្ញាបត្ររបស់និស្សិតកម្ពុជា ដែលរៀនខាងជំនាញវេជ្ជបណ្ឌិតនៅប្រទេសចិន ជាពិសេសយុវជននិស្សិតកម្ពុជា នៅប្រទេសចិនទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះយុវជននិស្សិតនៅប្រទេសចិន។
និស្សិតកម្ពុជានៅប្រទេសចិន បានត្រៀមខ្លួនជាសម្រេចទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិបន្តបន្ទាប់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕