Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យ៖ មិនមានសញ្ញាបង្ហាញពីការប្រែប្រួល លើតម្លៃអចលនវត្ថុឡើយ ទោះបីការបោះឆ្នោតឈានជិតចូលមកដល់ក្ដី!

31-05-2018 17:41

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សា​ភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកឧកញ៉ា ចេង ខេង បានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយបង្ហាញពី ​ការប្រែ​ប្រួលទៅលើ​តម្លៃ នៃអចលវត្ថុនោះឡើយ បើទោះបីមិនដល់២ខែទៀតទេ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ នីតិកាលទី៦ នឹងឈានចូលមកដល់ក៏ដោយ។

ការលើកឡើងបែបនេះ របស់លោកលោកឧកញ៉ា ចេង ខេង ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងកម្មវិធី កិច្ចប្រជុំសមាជិកទូទៅ ប្រចាំត្រីមាសទី១ឆ្នាំ២០១៨ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

លោក ចេង ខេង បានថ្លែងឲ្យដឹងថា «តម្រូវការនៃការទិញដូរ អចលវត្ថុបច្ចុប្បន្ននេះ មានសភាពធម្មតា មិនសញ្ញាណាមួយបង្ហាញ ពីការឡើងថ្លៃ ឬថយចុះនោះឡើយ បើធៀបនឹងរយៈពេលជិតបោះឆ្នោតដូចគ្នាកាលពីឆ្នាំ២០១៣ ឃើញថាមុន និងក្រោយពេលបោះឆ្នោត ទីផ្សារនៃអចលវត្ថុមានការខ្លាចរអាលធ្លាក់ថ្លៃចុះ ប៉ុន្ដែឥឡូវនេះបាំងតែរយៈពេល២ខែប៉ុណ្ណោះ ការបោះឆ្នោតនឹងឈានមកដល់ សម្រាប់ការលក់អចលនវត្ថុ មិនមានការប្រែ​ប្រួលសោះឡើយ»

ពាក់ព័ន្ធវិស័យអចលនទ្រព្យនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា នៅការបោះឆ្នោត ឆ្នាំ២០១៨នេះ វិស័យដីធ្លីនោះកម្ពុជា គ្មានអ្វីព្រួយបារម្ភឡើយ គឺតម្លៃដីនៅតែល្អដដែល ព្រោះអ្នកវិនិយោគជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ដោយឡែកលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថាគ្មានអ្វីគួរឲ្យបារម្ភឡើយសម្រាប់ វិស័យដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លោកលើកឡើងថា ឆ្នាំបោះឆ្នោនេះជាឱកាសល្អបំផុត សម្រាប់អ្នករកស៊ីទិញលក់លើវិស័យនេះ​។

លោកបណ្ឌិត គីម ហ៊ាង លើកឡើងយ៉ាងដូច្នេះថា ឆ្នាំបោះឆ្នោតជាឱកាសល្អមានន័យថា ធម្មតានៅពេលដែលជិតដល់ការបោះឆ្នោត មិនមែនតែ​នៅក្នុងប្រទេសកម្ពុជានោះទេ នៅប្រទេសណាក៏ដោយ នៅពេលដែលជិតបោះឆ្នោត គឺមនុស្សត្រូវការលុយ នៅពេលដែលតម្រូវការលុយ​កើនឡើង ទោះចង់ ឬមិនចង់ក៏ត្រូវតែលក់ ដូច្នេះពេលនេះហើយជាពេលមួយ ដែលមានការលក់ច្រើន នៅពេលលក់ច្រើន អ្នកទិញក៏មាន​ជម្រើសល្អច្រើន៕