Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៨ ខែមិថុនា ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តមានឥទិ្ធពលខ្លាំង!

28-05-2018 18:02

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ នៅកម្ពុជា ដោយបញ្ជាក់ថា ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៨ ខែមិថុនា ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តមានឥទិ្ធពលខ្លាំង។

ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្រិតសម្ពាធទាប នឹងចាប់ផ្តើមគ្របដណ្តប់លើកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែឧសភា និងនៅថ្ងៃទី០១ ខែមិថុនា អាចនឹងមានប្រព័ន្ធសម្ពាធទាប កើតឡើងអូសកាត់លើកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុ នៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖

១៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ នៅតំបន់មួយចំនួន ពិសេសតំបន់ទំនាបកណ្តាលភាគពាយ័ព្យ ទំនាបកណ្តាលភាគខាងត្បូង និងតំនាប់កណ្តាលភាគខាងកើត (តំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម)។

២​៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ភ្លៀងដែលមានលក្ខណៈជាប្រព័ន្ធ នឹងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។ ការធ្លាក់ភ្លៀងក្នុងលក្ខណៈជាប្រព័ន្ធ ងាយនឹងបង្កឱ្យមានជំនន់ទឹកភ្លៀង ពិសេសតំបន់ទំនាប់កណ្តាល។

៣៖ បាតុភាពផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅតែបន្តមានឥទ្ធិពលខ្លាំង ទាំងនៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ខាងមុខ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕