Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទុក្ខជាន់ទុក្ខ! ដឹកឪពុកក្មេកដែលរបួសដោយគេកាប់ ទៅកាន់មន្ទីរពេទ្យ មិនទាន់ដល់ពេទ្យផង ស្រាប់តែក្រឡាប់ឡានបាត់បង់ជីវិតខ្លួនឯង ខណៈឪពុកក្មេករបួសកាន់តែធ្ងន់

23-05-2018 17:49

(ព្រះវិហារ)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៦៖០៥នាទី តាមបណ្តោយផ្លូវជាតិលេខ៦៤ ត្រង់ចំណុចខ្នងគោល ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុជនរងគ្រោះ បានជូនឪពុកក្មេក ដែលត្រូវបានគេកាប់ឲ្យរបួសធ្ងន់ ព្រោះទំនាស់ព្រំដី ទៅមន្ទីរពេទ្យខេត្តសៀមរាប ដោយដឹកតាមរថយន្តម៉ាកធុនដ្រាមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ 2B-2764 មានគ្នា៥នាក់។

លុះដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង ដោយសាររថយន្តបើកលឿនពេក យកចង្កូតមិនទាន់ក៏បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យជនរងគ្រោះ (ជនដែលស្លាប់) រងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាល នៅមណ្ឌលសុខភាពកោះកេរ តែដោយសារស្ថានភាពរបួសធ្ងន់ពេក ក៏បានបាត់បង់ជីវិតទៅ ចំណែកឪពុកក្មេកនោះ បានរងរបួសកាន់តែធ្ងន់ ហើយក៏យកមកព្យាបាលនៅមណ្ឌលសុខភាពកោះកេរនេះតែម្តង។

លោកអធិការស្រុក បានឲ្យដឹងទៀតថា សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ជាមួយគ្នានេះផងដែរ អ្វីដែលត្រូវប្រឈមចំពោះមុខ គឺកម្លាំងរបស់លោកកំពុង ស្វែងរកជនសង្ស័យ ដែលបានកាប់បុរសម្នាក់ឲ្យរបួស (ឪពុកក្មេកអ្នកស្លាប់) យកមកផ្តន្ទាទោសតាមច្បាប់។

នេះបានចំជាទុក្ខជាន់លើទុក្ខមែន ដែលធ្វើឲ្យក្រុមគ្រួសារ និងអ្នកភូមិជាច្រើនបានស្លុតចិត្ត មិនគួរត្រឹមតែរយះពេលមួយប៉ព្រិចភ្នែក ក្រុមគ្រួសារមួយជួបទុក្ខផ្ទួនៗបែបនេះទេ៕