នៅថ្ងៃនេះ ប្រធាន និងសមាជិកគ.ជ.ប ចុះពិនិត្យការប្រឡងជ្រើសរើស សមាសភាពគណៈកម្មការឃុំ/សង្កាត់ ទូទាំងប្រទេស
19-05-2018 09:28
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នានានៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គឃ.សប ក្នុង ១៦៤៦ឃុំ~សង្កាត់ ចំនួន៨៣៣៨នាក់ នៅទូទាំង២៥ រាជធានី/ខេត្ត។ នេះបើតាម លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប ដែលថ្លែងប្រាប់ Fresh News នៅពេលនេះ។
សម្រាប់ការចុះត្រួតពិនិត្យនេះ លោក ស៊ិក ប៊ុនហុក ប្រធានគជប បានចុះត្រួតពិនិត្យការប្រឡងនៅរាជធានីភ្នំពេញ, លោក ហែល សារ៉ាត់ សមាជិកគជប ដែលទទួលបានកូតាពីគណបក្សសញ្ជាតិកម្ពុជា ចុះពិនិត្យការប្រឡងនៅខេត្តកំពង់ឆ្នាំង។ លោក ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យ គជប ចុះពិនិត្យនៅខេត្តព្រៃវែង និងត្រួតពិនិត្យសម្ភារបោះឆ្នោត។ ដោយឡែកសមាជិក និងមន្ត្រីអគ្គលេខាធិការដ្ឋានដទៃទៀត បានចុះនៅខេត្តដទៃទៀតទាំង២៥រាជធានី/ខេត្ត៕