Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់! ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ រអិលជើងធ្លាក់ពីលើគោយន្ដស្លាប់ភ្លាមៗ នៅស្រុកស្វាយទាប

06-05-2018 10:03

(ស្វាយរៀង)៖ ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលធ្លាក់ពីលើគោយន្តកន្ត្រៃកំពុងធ្វើណើរ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៨៖៣០នាទីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីដែលបានស្លាប់បង្កដោយគោយន្តកន្ត្រៃដឹកដី អ្នកបើកបរឈ្មោះ ហ៊ីង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបើកគោយន្តដោយមានឌុបក្មេងស្រីម្នាក់ លុះមកដល់ចំនុចខាងលើក៏ធ្លាក់ក្មេងស្រីនោះ ពីលើគោយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

សមត្ថកិច្ចឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះ ឈ្មោះ មុន្នី សា អាយុ៤ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ទីលំនៅបច្ចុប្បន្នភូមិអង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឪពុកឈ្មោះ សៅ វណ្ណារិទ្ធ អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ម្តាយឈ្មោះ សាយ រីន អាយុ៣៥ឆ្នាំ មុខរបរកសិករ ហើយអ្នកទាំងពីររស់នៅភូមិ ឃុំខាងលើ។

ក្រោយទទួលបានថាមានអ្នកស្លាប់ធ្លាក់ពីលើគោយន្តកន្ត្រៃ សមត្ថកិច្ចបានចុះមកពិនិត្យសព និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះគោយន្ត សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតិ៕