Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក វង្សី វិស្សុត ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ហិរញ្ញវត្ថុអាស៊ានបូក៣ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

02-05-2018 14:00

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបំរុងរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំចំនួន ០២រួមមាន៖ ទី១៖ កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ានបូក៣ លើកទី២១ (21st AFMGM+3) និងទី២៖ កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ លើកទី២១នេះ នឹងធ្វើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយោបល់លើប្រធានបទសំខាន់ចំនួន២ដូចជា៖

ទី១៖ អំពីស្ថានការណ៍ និងការវិវត្តន៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងទស្សនៈវិស័យ សេដ្ឋកិច្ចទៅថ្ងៃមុខ ជាពិសេសការបន្តអនុវត្តគោល នយោបាយកំណែទំរង់ និងដាក់ចេញនូវវិធានការនានា ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមទាំងឡាយ សំដៅធានាសម្រេចឱ្យបាននូវ កំណើនសេដ្ឋកិច្ចតំបន់មួយ ប្រកបដោយភាពរឹងមាំ បរិយាប័ន្ន និងចីរភាព
ទី២៖ ការពង្រឹង កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមប្រទេសអាស៊ានបូក៣ និងដែលក្នុងនោះ អង្គប្រជុំ នឹងផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព នៃកិច្ចការពាក់ព័ន្ធការធ្វើឱ្យប្រសើរឡើង នូវដំណើរការ និងការត្រៀមរួចរាល់នៃយន្តការពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ដែលជាយន្តការ មួយរបស់ប្រទេសជាសមាជិកអាស៊ានបូក៣ សម្រាប់ជួយប្រទេស ជាសមាជិកនៅពេល ជួប វិបត្តិ ក៏ដូចជាវឌ្ឍនភាព នៃការកសាងសមត្ថភាព នៅក្នុងការអង្កេតតាមដានសេដ្ឋកិច្ចតំបន់របស់អង្គភាព ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ និងការរីកចំរើន នៃសហប្រតិបត្តិការ នៅក្នុងយន្តការគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ានបូក៣(ABMI)។

ដោយឡែក ចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB លើកទី៥១ នៅក្នុងឆ្នាំ២០១៨នេះ នឹងធ្វើការពិនិត្យលើលទ្ធផលការងាររបស់ធនាគារនៅក្នុងឆ្នាំ២០១៧ ក៏ដូចជា កិច្ចការមួយចំនួនទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃប្រតិបត្តិការរបស់ធនាគារ ដើម្បីផ្តល់ការឆ្លើយតបទៅនឹងតម្រូវ ការអភិវឌ្ឍន៍របស់ប្រទេសជាសមាជិក។

តាមកម្មវិធី ក្រៅពីការចូលរួមកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាទេសាភិបាលរបស់ ADB លើកទី៥១ ខាងលើនេះ លោក វង្សី វិស្សុត ក៏នឹងមានជំនួបពិភាក្សាការងារ ដាច់ដោយឡែក ជាមួយលោក Takehiko Nakao ប្រធាន ADB, លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (WB), លោក Woochong Um អគ្គលេខាធិការ ADB, លោក Luca Lazzaroli អគ្គនាយកធនាគារវិនិយោគអឺរ៉ុប (European Investment Bank-EIB)។

ទន្ទឹមនេះ លោក វង្សី វិស្សុត ក៏នឹងផ្តល់កិច្ចសម្ភាសន៍ដាច់ដោយឡែកមួយជាមួយទូរទស្សន៍ CNBC ដ៏ល្បីមួយនៅក្នុងពិភពលោក មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធ ទិដ្ឋភាពរួមនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រជាតិផងដែរ៕