Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេចឃុំខ្លួនបុរសចិន៣នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធរឿងនាំស្ត្រីខ្មែរទៅរៀបការប្តី នៅប្រទេសចិន

02-05-2018 10:35

(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសចិន៣នាក់ និងស្ត្រីខ្មែរម្នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសរ ពាក់ព័ន្ធករណី នាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិន។

ជនដែលត្រូវចោទទាំង០៤នាក់រួមមាន៖ ទី១-ឈ្មោះ JI JIAXIN ភេទប្រុស ជនជាតិចិន (ជាប្តី), ទី២-ឈ្មោះ តែម អឿន ភេទស្រី ជនជាតិខ្មែរ (ជាប្រពន្ធ), ទី៣ឈ្មោះ ZHANG LIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ) និងទី៤ឈ្មោះ YAN FAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ)។

មន្ត្រីតុលាការបានឲ្យដឹងថា លោក ហោ លីណា ជាតំណាងអយ្យការបានចោទប្រកាន់លើជនត្រូវចោទទាំង០៤នាក់ ពីបទ «ការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ» ប្រព្រឹត្តនៅរាជធានីភ្នំពេញ យោងតាមមាត្រា ១០ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សូមបញ្ជាក់ថា ដោយមានកិច្ចសហការរវាងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ និងអង្គការមេត្រីភាពអន្តរជាតិ ហៅកាត់ថា AIM SWAT បានឃាត់ខ្លួនក្រុមជនត្រូវចោទខាងលើ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ម្កុដមាស ក្បែរផ្សារទំនើបស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុងពិភាក្សាគ្នា និងរៀបចំឯកសារ ចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍៕