Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រាប់ទូតអ៊ុយរ៉ូហ្គាយថា កម្ពុជាផលិតផលកសិកម្មមិនត្រឹម តែសម្រាប់ផ្គត់ផ្គង់សន្តិសុខស្បៀង ក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ធ្វើពាណិជ្ជកម្ម និងការនាំចេញទៀត

30-04-2018 17:04

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស ២០១៨ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោកស្រី Elsa Nury Bauzan Benzano ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ុយរ៉ូហ្គាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងគូឡាឡាំពួរ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។

លោករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះវត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូត ដែលបានទទួលភារកិច្ចបន្ថែម លើការទូតនៅកម្ពុជា នាពេលនេះ ហើយបានជម្រាបជូនលោកស្រីអំពីស្ថានភាពទូទៅនៅកម្ពុជា រួមទាំងការរីកចម្រើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ដែលបានកើតចេញពីធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាពសង្គម គ្របដណ្តប់ទូទាំងប្រទេស និងការទទួលបានវឌ្ឍនភាព នៃវិស័យកសិកម្មយ៉ាងល្អប្រសើរ និងគួរជាទីមោទនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោករដ្ឋមន្ត្រី វេង សាខុន ក៏បានគួសបញ្ជាក់ពីសក្តានុពល នៃវិស័យកសិកម្មកម្ពុជា។ បច្ចុប្បន្នផលិតផលកសិកម្មមិនត្រឹម តែសម្រាប់ផ្គត់ផ្គង់សន្តិសុខស្បៀង ក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ធ្វើពាណិជ្ជកម្ម និងការនាំចេញផងដែរ។

ក្នុងការជួបសំណេះសំណាលនេះ លើកស្រីឯកអគ្គរដ្ឋទូតអ៊ុយរ៉ូហ្គាយ បានបង្ហាញពីសក្តានុពលវិស័យកសិកម្មអ៊ុយរ៉ូហ្គាយ ជាពិសេសការចិញ្ចឹមគោយកសាច់ និងទឹកដោះ ជាលក្ខណៈពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះភាគីទាំងពីរមានក្តីសង្ឃឹម និងជឿជាក់ថា នឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីអភិវឌ្ឍវិស័យកសិកម្មតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការធ្វើទស្សនកិច្ចរបស់មន្រ្តីជំនាញ និងការធ្វើពាណិជ្ជកម្មរួមគ្នា៕