Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ភ្លើងនៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន​ ដោយសារក្រុមហ៊ុនខ្សែកាប «CFOCN» ជីកដីប៉ះខ្សែភ្លើង, ក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា បានភ្ជាប់ជូនអតិថិជនឡើងវិញហើយ

29-04-2018 14:23

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង១០៖០២នាទីព្រឹកនេះ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F14A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងសង្កាត់បឹងត្របែក សង្កាត់ទួលទំពួង១ សង្កាត់ទួលទំពួង២ និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមអគ្គិសនីកម្ពុជាបានបញ្ជាក់ថា មូលហេតុដោយសារតែមានក្រុមហ៊ុនខ្សែកាប «CFOCN» ជីកដីប៉ះខ្សែបណ្តាញតង់ស្យុងមធ្យមក្រោមដី (MV)។ តំបន់មួយចំនួន ដែលបានដាច់ចរន្តអគ្គិសនីរួមមាន៖ ស្ថិតនៅផ្លូវលេខ២៧១ ផ្លូវលេខ៤៣០ ផ្លូវលេខ៤៩៦ ផ្លូវលេខ៤៣២ ផ្លូវលេខ១៣៥ និងផ្លូវលេខ១២៣ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១២៖១៥ នាទីថ្ងៃត្រង់។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមការយោគយល់ និងការអធ្យាស្រ័យ ចំពោះ​ការដាច់ចរន្តអគ្គិសនីនេះ ពីសំណាក់អថិតិជនរបស់ខ្លួនផងដែរ៕