Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បើករថយន្តទាំងស្រវឹង បុកអ្នកថ្មើរជើង២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ រួចបានរត់គេចខ្លួនបាត់

29-04-2018 11:47

(ប៉ៃលិន)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពាក់ស្លាកលេខ រដ្ឋ បុកជាមួយអ្នកថ្មើរជើងពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិនភ្លាមៗ តែដោយស្ថានភាពជំងឺជនរងគ្រោះធ្ងន់ធ្ងរ ក៏បានបញ្ជូនបន្តទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខណ:ជនបង្កបានរត់គេចខ្លួន បាត់ស្រមោលទុករថយន្តបង្ក នៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៨៖៥៤នាទីយប់ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្តពាក់ស្លាកលេខរដ្ឋ មួយគ្រឿង បើកបរដោយបុរសម្នាក់ ជាមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិន រួមនិងបុរសម្នាក់ទៀត ជាមន្ត្រីធ្វើការជាមួយគ្នា បានជិះ និងបើកបររថយន្តក្នុងល្បឿនលឿន រេចង្កូតពេញផ្លូវ ទំនងជាស្រវឹង ក្នុងទិសដៅពីកើតមកលិច។

បន្ទាប់មកគេ ក៏ឃើញស្ត្រីម្នាក់ បានបណ្តើរក្មេងប្រុសម្នាក់ ក្នុងទិសដៅពីកើត មកលិចដូចរថយន្តដែរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តពាក់ស្លាកលេខរដ្ឋ បានបុកស្ត្រី និងក្មេងប្រុសពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់/ស្រាល និងបន្តទៅបុករបងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ប៉ុន្តែដោយស្ថានភាពជំងឺក្មេងប្រុសរងគ្រោះធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លូនបាត់ស្រមោល។

បើតាមមន្ត្រីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ទី១៖ ឈ្មោះ អ៊ុយ នី ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល, ទី២៖ ឈ្មោះ រិទ្ធ ពិទូ ភេទប្រុស អាយុ ០៩ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិ/ឃុំជាមួយគ្នា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សមត្ថកិច្ចចរាចរណ៍ បានបន្តទៀតថា អ្នកបើកបររថយន្តបង្កឈ្មោះ នុត ក្រេម ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិន រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) បានរត់គេចខ្លួន ដោយបើកបររថយន្តម៉ាក CHEVROLET ពាក់ផ្លាកលេខ រដ្ឋ2-0052 ខូចខាតធ្ងន់ ចំណែកអ្នករួមដំណើរជាមួយ រថយន្តបង្កឈ្មោះ សុខ គឹមអាន ភេទប្រុស អាយុ ៤២ឆ្នាំ ជាមន្ត្រីទេសចរណ៍ខេត្តដូចគ្នា រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស។

មន្ត្រីសមត្ថកិច្ចចរាណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តប៉ៃលិន បានបញ្ជាក់ទៀតថា ករណីខាងលើ គឺបណ្តាលមកពីកត្តាមនុស្ស បើកបរក្នុងស្ថានភាពស្រវឹង។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចចរាចរណ៍ខេត្ត យកមករក្សាទុកនៅការិយាល័យចរាណ៍ រង់ចំការដោះស្រាយគ្នា តាមនិតិវិធី៕