Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សល់តែរយៈពេលប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ, ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង នឹងចូលមកដល់ហើយ

23-04-2018 09:58

(ស្វាយរៀង)៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បី​​ផ្សងមើលប្រផ្នូល​របស់​ស្រុក​ទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តនោះ នឹងចូលមកដល់ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ គ្រោងប្រារព្ធឡើងនៅខេត្តស្វាយរៀង។​

បើតាមការគ្រោងទុក នៃមហាព្រឹត្តិការណ៍នេះ នឹងប្រារព្វធ្វើឡើងនៅខេត្តស្វាយរៀងនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាជ្ញាធរស្វាយរៀង ក៏បានចុះពិនិត្យមើលការហាត់សាកល្បង គោឧសភរាជ និងការរៀបចំទីព្រះស្រែ ក្នុងបរិវេណតារាងបាល់ទាត់ នៃវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង សម្រាប់ត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងឈានចូលមកដល់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទីព្រះស្រែបានរៀបចំចាក់ខ្សាច់បំពេញ ការតបណ្ដាញទឹក បណ្ដាញអគ្គិសនី និងដាំស្មៅរួចរាល់ ហើយក៏បានរៀបចំស្តង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មផងដែរ។ នេះបើតាមការឲ្យដឹងពីមន្រ្តីសាលាខេត្តស្វាយរៀង៕