Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខឹងចុះកិច្ចព្រមព្រៀង កាត់ទឹកដីខ្មែរឱ្យជនជាតិភាគតិចវៀតណាម ក្រុមយុវជនខេត្តក្រចេះ ចេញមុខប្រឆាំងមិនឱ្យលោក សម រង្ស៊ី ធ្វើនយោបាយតទៅទៀត (Video iinside)

17-04-2018 12:32

(ក្រចេះ)៖ ក្រុមយុវជននៅខេត្តក្រចេះ នៅពេលនេះបានចេញមុខប្រឆាំងនឹង លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ មិនឱ្យធ្វើនយោបាយតទៅទៀត ដោយសារតែពួកគេខឹងសម្បារនឹងអតីតមេដឹកនាំបក្សប្រឆាំងនេះ ដែលហ៊ានចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ដោយស្ងាត់ៗ។

ការប្រតិកម្មរបស់យុវជននៅខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេលសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ក្រុមយុវជនទាំងនោះបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាយុវជនម្នាក់ ក៏ដូចជាយុវជនផ្សេងទៀត ស្នើសុំឱ្យតុលាការកាត់ទោសលោក សម រង្ស៊ី ទៅតាមនីតិវិធីច្បាប់»។ ពួកគេបានបន្តថា «ខ្ញុំប្រឆាំងដាច់ខាត ចំពោះជនណាដែលកាត់ទោសដីឱ្យទៅជនជាតិដទៃ» ពួកខ្ញុំមិនគាំទ្រដាច់ខាតចំពោះការធ្វើនយោបាយបែបនេះ»

យុវជនខេត្តក្រចេះ បានលើកឡើងថា ជនជាតិម៉ុងតាញ៉ានេះ មិនមែនជាជនជាតិភាគតិចនៅកម្ពុជានោះទេ ប៉ុន្តែជាជនជាតិភាគតិចរបស់វៀតណាម។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕