ឃាត់គ្រឿងចក្រ១គ្រឿង ដែលឈ្មួញប្រើប្រាស់រឈូសឆាយដីព្រៃខុសច្បាប់ នៅតំបន់ក្បែរព្រៃឡង់
31-03-2018 16:42
(ក្រចេះ)៖ គ្រឿងចក្រ១គ្រឿង ដែលឈ្មួញលួចឈូសឆាយដីព្រៃ ដែលជាសម្បត្តិរដ្ឋ នៅព្រំប្រទល់ព្រៃឡង់ ត្រូវបាន លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ ដឹកនាំកម្លាំងចុះចាប់ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ហើយអាជ្ញាធរ កំពុងបន្តរុករកមួយចំនួនទៀត ដែលកំពុងបើករត់គេច។
ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ កំពុងសម្រុកទៅធ្វើការឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ដោយមានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង បើទោះបីជាមានមន្ត្រីបរិស្ថានមួយក្រុម ដែលប្រចាំការចល័តនៅតំបន់នោះក៏ដោយ នៅតែពួកគេលួចធ្វេីសកម្មភាពឈូសឆាយ ហេីយពេលដែលអាជ្ញាធរ ឬមន្រ្តីបរិស្ថាន ចុះទៅពួកគេបញ្ឍប់សកម្មភាព ហេីយពេលដែលអាជ្ញាធរត្រឡប់មកវិញ ពួកគេលួចបន្តសកម្មភាព។
បើតាម លោកអភិបាលស្រុក ដែលបានដឹកនាំកម្លាំងចុះទៅដល់គោលដៅ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ ក្នុងប្រតិបត្តិការនេះ លោកបានចាប់ឃាត់បានគ្រឿងចក្រមួយ។ ដោយឡែកមួយចំនួនទៀតបើករត់លាក់តាមព្រៃ ហើយថ្ងៃទី៣១នេះលោកបន្តដឹកនាំកម្លាំងតាមរុករកគ្រឿងចក្រផ្សេងទៀត បើសិនករណីរកឃើញថាឈូសឆាយដីព្រៃខុសច្បាប់ម៉ែន លោកនឹងធ្វេីការបង្រ្គាប ហេីយចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕