Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះធម្មជាតិ! ខ្យល់កន្ត្រាក់វាយប្រហារខេត្តប៉ៃលិន បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង និងបំផ្លាញដំណាំមួយចំនួនធំ នៅស្រុកសាលាក្រៅ

21-03-2018 15:47

(ប៉ៃលិន)៖ គ្រោះធម្មជាតិខ្យល់កន្ទ្រាក់លាយឡំ ជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង និងបានបំផ្លាញដើមមៀនប៉ៃលិន របស់ពលរដ្ឋជិត៣០០ដើម ស្ថិតស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីគ្រោះធម្មជាតិខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ។

បើតាមអាជ្ញាធរមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា ករណីខ្យល់កន្ត្រាក់ដែល បំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋខាងលើនេះទីមួយ នៅស្រុកសាលាក្រៅ នៅភូមិភ្នំព្រាល របើកដំបូលផ្ទះចំនួន៤ខ្នងផ្ទះ (ខូចខាតធ្ងន់៣ខ្នង), ភូមិភ្នំក្រិញ ខូចខាតផ្ទះ១ខ្នង (ខូចខាតមធ្យម) និងរោងបាយវត្តភ្នំក្រិញ១ខ្នង (ខូចខាតធ្ងន់), ភូមិអន្លុងរក្សា ខូចខាតផ្ទះ១ខ្នង (ខូចខាតធ្ងន់) ភូមិអូរកន្ធៀងវ៉ា ខូចខាតផ្ទះ១ខ្នង (ខូចខាតស្រាល) និងបាក់ដើមមៀនប៉ៃលិន អស់ចំនួន ២៦៦ដើម និងទី២៖ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្ថិតនៅភូមិប៉ាងរលឹម ខូចខាតផ្ទះ១ខ្នង (ខូចខាតធ្ងន់) និងសាយឡូទិញពោតដំឡូងចំនួន១ខ្នង (ខូចខាតមធ្យម)។

បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន និងកាកបាទក្រហមខេត្ត កម្លាំងប្រដាប់អាវុធ កំពុងចុះពិនិត្យមើល ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាផងដែរ៕