Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទុស្សេប្រអប់កុងទ័រភ្លើងផ្ទះលក់ចាប់ហួយ និងផ្ទះពេទ្យធ្មេញផ្អើលប្រជាពលរដ្ឋ តែសំណាងល្អបានរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ទាន់ពេលវេលា

20-03-2018 14:01

(ស្វាយរៀង)៖ ផ្ទះលក់ចាប់ហួយ និងផ្ទះពេទ្យធ្មេញមួយកន្លែង នៅក្នុងស្វាយរៀង ម្ចាស់ផ្ទះម្នាក់ៗភ័យបះសក់ ខណៈប្រអប់កុងទ័រជាប់ខាងមុខផ្ទះ ទុស្សេហុយផ្សែង និងឆាប់ឆេះចេញជាអណ្តាតភ្លើង រាលដាលមកពិដានខាងមុខផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ ស្វាយរៀង ក្រុង/ខេត្ត ស្វាយរៀង។

បើតាមម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានផ្សែងហុយចេញពីពិដានខាងមុខផ្ទះ ដែលខាង EDC ដាក់ប្រអប់កុងទ័រភ្លើងខាងមុខផ្ទះ(ពោល) ពាក់ចំកណ្តាលជញ្ជាំងសងខាង គឺផ្ទះលក់ចាប់ហួយ និងពេទ្យធ្មេញ។

ប្រភពខាងលើបានបន្តទៀតថា មួយសន្ទុះក្រោយមកមានអណ្តាតភ្លើងឆាបឆេះ ហើយម្ចាស់ផ្ទះ បានស្រែហៅឆោឡោ ផ្អើលអ្នកជិតខាង មកជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយហៅរថយន្តពន្លត់អគ្គីភ័យ និងជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅផ្ទះទី១ ម្ចាស់ផ្ទះលក់ចាប់ហួយ មានឈ្មោះ ស្រី យិន និងទី២ ម្ចាស់ផ្ទះជាពេទ្យធ្មេញឈ្មោះ ឈិន ឈន មានទីលំនៅភូមិ សង្កាត់ខាងលើ។ ក្រោយពីកើតហេតុនោះគេពុំទាន់ដឹងថា ទំហំនៃការខូចខាតទ្រព្យសម្បត្តិប៉ុន្មាននោះទេ ដោយគ្រាន់តែដឹងថា ខូចខាតផ្ទះពេទ្យធ្មេញច្រើនជាងផ្ទះលក់ចាប់ហួយ ហើយការជួយពន្លត់អគ្គីភ័យនេះផងដែរ គឺប្រើរថយន្តពន្លត់អគ្គីភ័យ អស់ចំនួន៤គ្រឿង ក្នុងនោះ២គ្រឿងរបស់កងរាជអាវុធហត្ថ និង២គ្រឿងទៀតរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕