Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការពារកុំឲ្យងាប់សត្វគោអ្នកស្រុក និងសត្វស្លាបតទៅទៀត ថ្ងៃនេះប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ចុះទៅព័ទ្ធខ្សែ និងដាក់សញ្ញាក្បាលខ្មោចត្រង់ចំណុចដែលពុល កុំឲ្យមនុស្ស ឫសត្វចូលតទៅទៀត

16-03-2018 19:40

(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ យកខ្សែរទៅព័ទ្ធព្រមទាំងបានដាក់ សញ្ញាក្បាលខ្មោច ត្រង់ចំណុចដែលពុល ហើយត្រូវបានឈូសឆាយដីលប់នោះ ចៀសវាងកុំឲ្យមនុស្ស ឫសត្វចូលកន្លែងដែលមានគ្រោះថ្នាក់នោះតទៅទៀត។

លោក ពឹង ទ្រីដា បានគូសបញ្ជាក់ប្រាប់ថា ដើម្បីការពារអាយុជីវិតសត្វគោ ក្របី អ្នកស្រុកក៏ដូចជា សត្វស្លាបកុំឲ្យមានការងាប់ដោយសារពុលថ្នាំនេះតទៅទៀត នៅថ្ងៃនេះផងដែរ លោកបានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំង ដែលបណ្តាលឲ្យសត្វពុលងាប់។

លោកបន្តថា ក្រៅពីការឈូសឆាយដីលុបទឹកថ្លុកចំណុចដែលពុលនេះ លោក និងក្រុមការងារបានយកខ្សែរព័ទ្ធនៅចំណុចទាំងនោះ ព្រមទាំងបានដាក់សញ្ញាក្បាលខ្មោច ជាសំគាល់ផងដែរ ក្នុងន័យទប់ស្កាត់កុំឲ្យមនុស្ស ឫសត្វចូលកន្លែងហ្នឹងតទៅទៀត។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា នៅចំណុចអូដាវ ភូមិដងផ្លិត ឃុំឆែបពីរ ការដ្ឋានទី៣របស់ក្រុមហ៊ុន ហេង យូ ក្រោយពីមានផ្ទុះករណីពុលថ្នាំ បណ្តាលឲ្យងាប់គោ ក្របី អ្នកស្រុកជាច្រើនរួមទាំងសត្វស្លាប ត្រី កង្កែបនោះ ក្រុមការងារសង្កេតឃើញមានថ្នាំសម្លាប់សត្វល្អិត បន្សល់នៅទីនោះច្រើន ដែលជាថ្នាំមានកំរិតជាតិពុលខ្ពស់ និងមានកំរិតពុលរយះពេលយូរដែល ដែលជនល្មើសបានបាចតាមមាត់ថ្លុក ត្រពាំងដើម្បីចាប់សត្វ ហើយដែលថ្នាំនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស សត្វ។ ដូច្នេះការពារកុំឲ្យសត្វគោអ្នកស្រុក និងសត្វស្លាបពុលងាប់តទៅទៀត ក្រុមការងារ បានសហការជាមួយក្រុមហ៊ុន ហេង យូ ឈូសឆាយដីលុបទីតាំងខាងលើ។ ដោយឡែកនៅថ្ងៃនេះ ក្រុមការងារមន្ទីរកសិកម្ម បានយកខ្សែរទៅចងព័ទ្ធ និងដាក់សញ្ញាក្បាលខ្មោច ដើម្បីកុំឲ្យមនុស្ស និងសត្វចូលកន្លែងគ្រោះថ្នាក់នេះតទៅទៀត។