Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញដីកាសម្រេចឲ្យក្រុមហ៊ុន PICASSO CITY GARDEN ផ្អាកការសាងសង់ខុនដូររបស់ខ្លួន ក្រោយបង្កការរំខានដល់ពលរដ្ឋ, អាជ្ញាសាលា ចុះអនុវត្តសេចក្ដីសម្រេច​​នៅថ្ងៃនេះ

06-03-2018 13:54

(ភ្នំពេញ)៖ ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញលោក ប៊ុន ធី បានចេញដីកាសម្រេចឲ្យក្រុមហ៊ុន​ PICASSO CITY GARDEN ផ្អាកការសាងសង់ខុនដូររបស់ខ្លួន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤១ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ជាបណ្ដោះអាសន្ន ក្រោយហេតុផលថា បង្កការរំខានជាសំលេង និងមិនគោរពម៉ោងការងារធ្វើការសាងសង់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ស៊ុន លៀងហេង អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពី អាជ្ញាធរខណ្ឌចំការមន បានចុះអនុវត្តសេចក្ដីសម្រេចរបស់ លោកចៅក្រម ប៊ុន ធី ដោយផ្អាកជាបណ្ដោះអាសន្ននូវការសាងសង់នេះ និងរង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ។

សូមជម្រាបថា មុនឈានដល់ការផ្អាក់នេះ ប្រជាពលរដ្ឋបានរិះគន់ថា ការសាងសង់អគាររបស់ ក្រុមហ៊ុន PICASSO CITY GARDEN បានបង្កការរំខាន​ដល់អ្នករស់នៅក្បែរខាង ដោយសារតែការសាងសង់ គ្មានពេលសម្រាកទាំងយប់ទាំងថ្ងៃ រកតែអ្នកនៅតំបន់នោះដេកពួនមិនបាន។ ក្រុមហ៊ុននេះ បានដាក់បន្ថែមនូវម៉ាស៊ីនភ្លើងធុនធំ ដោយមានសំឡេងយ៉ាងខ្លាំង និងបង្កជាផ្សេងខ្មួលខ្មាញ់ផងដែរ។

ក្រៅពីការរំខានដល់ពលរដ្ឋនៅម្ដុំនោះហើយ ការសាងសង់អគាររបស់​ក្រុមហ៊ុន PICASSO CITY GARDEN ក៏បានរំខានដល់ភ្ញៀវទេសចរ ដែលកំពុងតែស្នាក់នៅ ខុនដូរជាប់នោះផងដែរ ដោយមានភ្ញៀវមួយចំនួនបានរត់គេចចេញពីតំបន់នោះដូចគ្នា៕