Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងអភិបាលស្រុកបាទីថ្មី លោក ភួន ឈីម ជំនួសលោក អ៊ុក រី, អភិបាលខេត្តតាកែវណែនាំឲ្យអភិបាលស្រុកថ្មី ត្រូវចុះឲ្យគ្រប់ឃុំ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋទាន់ពេលវេលា

27-02-2018 13:32

(តាកែវ)៖ បន្ទាប់ពីបានឡើងកាន់តំណែងជាអភិបាលស្រុកបាទី បានជាង២ឆ្នាំ នៅទីបំផុត លោក អ៊ុក រី ត្រូវបានរាជរដ្ឋាភិបាល សម្រេចផ្ទេរភាកិច្ចពីអភិបាលស្រុកបាទី ឲ្យមកបំរើការងារនៅសាលាខេត្តតាកែវវិញ។ លោក ភួន ឈីម អភិបាលរងស្រុកបាទី នឹងត្រូវឡើងកាន់តំណែងជាអភិបាលស្រុកជំនួសលោក អ៊ុក រី។

ការប្រកាស់ផ្ទេភារកិច្ច អភិបាលស្រុកបាទី បានរៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១នេះ នៅសាលាស្រុកបាទី ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។
ថ្លែងនៅក្នុងឱកាសនោះលោក ឡាយ វណ្ណៈ បានថ្លែងថា អតីតអភិបាលស្រុកនឹងត្រូវផ្ទេភារកិច្ចទៅបម្រើការជានាយករងរដ្ឋបាលសាលាខេត្ត និងជាជំនួយការអភិបាលខេត្ត ហើយម្យ៉ាងទៀត ការផ្លាស់ប្ដូរភារកិច្ចនេះ មិនមែនមកពីលោកអភិបាលស្រុក មានបញ្ហា កំហុសអ្វីនោះទេ តែការផ្លាស់ប្ដូភារកិច្ចនេះ វារឿងធម្មតាសម្រាប់មន្រ្តីរាជការ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវចុះជួនប្រជាពលរដ្ឋដល់មូលដ្ឋាន ហើយស្ដាប់ការលើកឡើងពីទុក្ខកង្វល់ និងជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ។

មន្រ្តីសាលាស្រុកបាទី ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការផ្ទេភាកិច្ចលោកអភិបាលស្រុកបាទីនេះ បណ្ដាលមកពីលោកអភិបាលស្រុក មានទំនាស់ជាមួយក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកបាទី។ ទំនាស់នេះបានកើតឡើងជាយូរយាណាស់មកហើយ ទើបតែពេលនេះ ទើបថ្នាក់ដឹកនាំខេត្ត បានសម្រេចស្នើសុំទៅក្រសួងមហាផ្ទៃ ឲ្យមានការផ្ទេភារកិច្ចនេះតែម្ដង៕