Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាម៉ូដែលខ្មែរ តំណាងឲ្យកម្ពុជា នាំយកឈុត «រំដួលអប្សរាក្រមាខ្មែរ» ទៅបង្ហាញក្នុងព្រឹត្តិការណ៍ «Winter Olympic Game» នៅកូរ៉េ!

20-02-2018 16:51

(ភ្នំពេញ)៖ ពិតជាមោទនភាពជាតិមួយ ដែលតារាម៉ូដែលមួយរូបតំណាងឲ្យ ប្រទេសកម្ពុជា​មានឱកាស នាំយកឈុត «រំដួលអប្សរាក្រមាខ្មែរ» ទៅ​បង្ហាញនៅក្នុងព្រឹត្តិការណ៍ «Winter Olympic Game» នៃទឹកដីប្រទេសកូរ៉េខាងត្បូង។ មិនត្រឹមតែឈុតមួយប៉ុណ្ណោះទេ អ្នកតំណាងឲ្យកម្ពុជា ដែលត្រូវបានគេស្គាល់ថា ជាមេក្រុមបង្ហាញម៉ូដតារារះថ្មី ស្រីស្អាតសិចស៊ី សូ អេនណា ក៏បានត្រៀមយកមួយឈុតទៀត ដែលមានឈ្មោះថា «អប្សរាសរ» ទៅដាក់បង្ហាញនៅទីនោះ ផងដែរ ដោយក្នុងនោះ មានការចូលរួមតំណាងប្រទេសចំនួន ២៣ នៅតំបន់អាស៊ី។

ឈុតតំណាងឲ្យប្រទេសកម្ពុជា ទាំងពីរខាងលើនេះ ត្រូវបានតារាម៉ូដែលសម្បុរស្រអែម សូ អេនណា ខិតខំរចនាម៉ូដ ដោយធ្វើការរចនាយ៉ាងផ្ចិតផ្ចង់ យកចិត្តទុកដាក់ ជាទីបំផុត ជាពិសេសនាងបានបង្កើតឡើង ដោយបញ្ចេញថវិកាផ្ទាល់ខ្លួន ព្រមទាំងជាអ្នកផ្ដូចផ្ដើមគំនិត ក្នុងការកែច្នែសម្លៀកបំពាក់ទាំងនេះ ឲ្យចេញជារូបរាង ដែលធ្វើឲ្យមហាជន មានការស្ងើចសរសើរ ជាខ្លាំង។

តារារាងខ្ពស់ស្រឡះ សូ អេនណា បានប្រាប់ឲ្យដឹង មុនពេលចេញដំណើរទៅប្រទេសកូរ៉េ ថា នេះគឺជាលើកទី៣ ដែលនាងមានឱកាសបានឈាន ទៅដល់ទឹកដីប្រទេសកូរ៉េ ប៉ុន្តែនេះ គឺជាលើកទី១ ដែលនាងតំណាងឲ្យប្រទេសកម្ពុជា បានស្លៀកឈុតប្រពៃណីខ្មែរ យកទៅ​បង្ហាញ នៅលើឆាកអន្ដរជាតិ ដោយកូរ៉េធ្វើជាម្ចាស់ផ្ទះ ហើយនេះ​គឺជាកិត្តិយសយ៉ាងធំធេង សម្រាប់នាង ក៏ដូចជា សម្រាប់ប្រទេសជាតិខ្មែរ ទាំងមូល។

តារាស្រី សូ អេនណា រំពឹងថា ឈុតទាំងពីរ ដែលនាងខិតខំច្នៃឡើងយ៉ាងពិសេសនេះ សង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់មហាជន ក៏ដូចជាបងប្អូនខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េ ពួកគាត់នឹងជួយគាំទ្រស្នាដៃរបស់កូនខ្មែរ ទាំងអស់គ្នា។

គួរបញ្ជាក់ថា ក្រៅពីអាជីពជាតារាម៉ូដែល ស្រីស្អាតរាងខ្ពស់ស្រឡះ សូ អេនណា ក៏មានមុខរបរមួយផ្ទាល់ខ្លួន រកស៊ី​ជួញដូរ​ទិញ​លក់ផ្ទះ ដោយក្នុងនោះនាងបង់រំលស់ខ្លះ និង​បង់ផ្ដាច់ ទៅតាមគម្រោងនីមួយៗទៀតផង៕