កម្មវិធីវីឃ្លីន របស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានបន្តអប់រំអនាម័យដល់សិស្សានុសិស្ស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
15-02-2018 20:19
(កំពង់ធំ)៖ កម្មវិធី វីឃ្លីន (WE-CLEAN) របស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានបន្តសកម្មភាពអប់រំ និងអនាម័យរបស់ខ្លួន មកដល់ខេត្តកំពង់ធំ ខណៈដែលកម្មវិធីនេះ បានធ្វើរួចជាច្រើនកន្លែងតាមបណ្តាខេត្ត ដើម្បីលើកកំពស់សុខភាពអនាម័យ និងសោភ័ណភាពបរិស្ថាន។
សម្រាប់កម្មធីនៅឯខេត្តកំពង់ធំ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ក្រោមអធិបតីភាព លោកស្រី ម៉ាន ណាវី ជំនួយការលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលដឹកនាំអនុវត្តសកម្មភាព ដោយប្រធានកម្មវិធី វី-ឃ្លីន កញ្ញា សាលីហា អូស្មាន ដោយបានអប់រំកុមារា កុមារីតូច រៀនថ្នាក់ទី១ ទី២ និងទី៣ ឲ្យស្វែងយល់ពីអនាម័យ រស់នៅស្អាត ហូបចុកស្អាត ព្រមទាំងអប់រំពីសុជីវធម៌ផ្សេងៗ ក្នុងការរស់នៅ សុជីវធម៌ជាមួយមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធចារ្យជាដើម។
ក្នុងយុទ្ធនាការអប់រំអនាម័យ លោកស្រី ម៉ាន ណាវី ក៏បានណែនាំកុមារទាំងឡាយ ត្រូវយកចិត្តទុកដាក់ថែរក្សាមាត់ធ្មេញ ដោយត្រូវឧស្សាហ៍ដុះធ្មេញជាប្រចាំ ព្រឹកល្ងាច និងក្រោយពេលញ៉ាំអាហារ ក៏ដូចជាការលាងដៃដោយសាប៊ូជាដើម។
លោកស្រីបាននាំជាអំណោយដល់ប្អូនៗកុមារទាំង៣៥០នាក់ ទទួលបានឈុតថ្នាំដុសធ្មេញ១ សាប៊ូ១ ដើម្បីការអនុវត្តសម្អាតអនាម័យខ្លួនប្រាណ ក្នុងនោះដែរ ក៏មានសម្ភារៈសិក្សា និងថិកាមួយចំនួនផងដែរ៕