Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO)

14-02-2018 11:34

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដឹកនាំដោយលោក ម៉ាសាហ្ស៊ី កូណូ (Masashi Kono) ចូលជួបពិភាក្សាការងារ។

ក្រោយពីសំដែងការគួរសមទៅវិញទៅមករួចមក កិច្ចប្រជុំបានបន្តទៅការពិភាក្សាលើការងារមួយចំនួនដែល JETRO កំពុងតែអនុវត្ត ជាពិសេសការសម្របសម្រួល និងជំរុញការវិនិយោគ ដោយក្រុមហ៊ុនជប៉ុននៅកម្ពុជា។ ក្នុងការងារនេះលោក កូណូ បានឲ្យដឹងថា នៅសប្ដាហ៍ក្រោយអង្គការ JETRO នឹងដឹកនាំក្រុមហ៊ុនជប៉ុនមួយក្រុមមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវិស័យសេវាកម្មនៅកម្ពុជា រួមមានភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងទេសចរណ៍។

លោករដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ជានិច្ចដល់ក្រុមហ៊ុនជប៉ុន ដែលតែងតែនាំមកនូវស្ដង់ដារល្អៗមកកម្ពុជា។ លោកបានកត់សម្គាល់ការរីកដុះដាលរបស់ភោជនីយដ្ឋានជប៉ុន ជាពិសេស ដែលបានចូលរួមក្នុងការលើកកំពស់សុវត្ថិភាពចំណីអាហារនៅកម្ពុជាផងដែរ៕