BREAKING NEWS: រដ្ឋសភា បន្តអនុម័តទាំងស្រុងទៀត លើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសចំពោះការប្រមាថព្រះមហាក្សត្រ
14-02-2018 09:55
(ភ្នំពេញ)៖ បន្ទាប់ពីអនុម័តទាំងស្រុងលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រារួចហើយនោះ នៅវេលាម៉ោង៩៖៥០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសកាន់ធ្ងន់ចំពោះការប្រមាថព្រះមហាក្សត្រ។
ការអនុម័តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានកូរ៉ុមជាសមាជិករដ្ឋសភាសរុបទាំងអស់១២៣រូប។ សមាជិករដ្ឋសភាទាំង១២៣រូប បានអនុម័តគាំទ្រដល់ សេចក្តីព្រាងច្បាប់លើវិសោធនកម្មក្រមព្រហ្មទណ្ឌ។
សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា បទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាបន្ថែមមាត្រាថ្មីមួយប៉ុណ្ណោះ គឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ។
ខ្លឹមសារជារួមនៃមាត្រាថ្មីនេះ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕