Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍! ថ្ងៃនេះ អភិបាលខេត្តព្រះវិហារ ចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់ពលរដ្ឋដោយឥតគិតថ្លៃ

13-02-2018 13:22

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមផ្សព្វផ្សាយច្បាប់ ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរឹតបន្តឹងការពាក់មួកសុវត្ថិភាព។

នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងក្រុមការងារព្រមទាំងយុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរ ដល់បងប្អូនប្រជាពលរដ្ឋមួយភាគធំ ដែលគាត់បានគោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូពាក់មួកសុវត្ថិភាព ហើយក៏មានបងប្អូនយើងមួយចំនួនតូចទៀត មិនទាន់បានគោរពច្បាប់ចរាចរណ៍ ដែលករណីនេះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវខ្សែក្រវ៉ាត់ ហើយបើកបរមិនត្រូវលើសល្បឿនកំណត់ និងមិនស្ថិតក្រោមជាតិស្រវឹងជាដាច់ខាត៕