តំណាងរាស្រ្ត ស សុខា និងអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីបើកលក់គម្រោងសាងសង់បុរី «The Woods» នៅខណ្ឌច្បារអំពៅ
12-02-2018 19:02
(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង លោក ស សុខា និងលោកស្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញផ្តល់កិត្តិយសចូលរួម នៅក្នុងពិធីបើកលក់គម្រោងសាងសង់បុរី «The Woods» ដែលបុរី មានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ១ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់លដឹកនាំ លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។
នៅរបាយការណ៍ និងខ្លឹមសាររបស់គណៈគ្រប់គ្រងបុរី ដែលត្រូវបានចែកជូនដល់អ្នកសារព័ត៌មាន បានបង្ហាញថា បុរី The Woods ដែលមានគេហដ្ឋានជាច្រើនប្រភេទ រួមមាន៖ ផ្ទះល្វែងវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាឃ្វីនចំនួន១០៨ប្លង់ ដែលមានទំហំផ្ទៃដីសរុប ៣.៥ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕