Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនឱកាសបុណ្យចូលឆ្នាំចិន! សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បន្តចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅតាមស្តង់ និងម៉ាតនៅច្រកអូរស្មាច់, ជាលទ្ធផលរកឃើញទំនិញមួយចំនួនហួសដឺឡេ

09-02-2018 15:52

(ឧត្តរមានជយ័)៖ ដោយមានការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋនោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ នៅព្រឹកថ្ងៃសុក្រថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូល សហការជាមួយសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យនៅតាមស្តង់ និងម៉ាត ដែលដាក់តាំងលក់ទំនិញ នៅច្រកអន្តរជាតិអូរស្មាច់ ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ខាន់ រ៉ាត់ បានឲ្យដឹងថា «ជាលទ្ធផល ក្នុងការចុះពិនិត្យជាក់ស្តែង នៅតាមស្តង់ និងម៉ាតនានាក្នុងសង្កាត់អូស្មាច់នេះ ក្រុមការងារសាខាបានរកឃើញទំនិញ ហួសកាលបរិច្ឆេតប្រើប្រាស់ចំនួន៨មុខ ក្នុងនោះរួមមាន៖ ត្រីខចំនួន១១កំប៉ុង, មីកំប៉ុង២២កំប៉ុង និងទឹកដោះគោក្រហមចំនួន១២ប្រអប់ផងដែរ»

ក្នុងពេលនោះផងដែរលោក ខាន់ រ៉ាត់ បានណែនាំដល់បងប្អូនអាជីវករឲ្យមានការយល់ដឹង ពីការនាំចូល និងដាក់តាំងលក់នៅទីសុវត្ថិភាព ម្ហូបអាហារ ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើទំនិញដែលហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ គឺមិនតម្រូវឲ្យដាក់តាំងលក់ជួនដល់អតិថិជនទៀតទេ៕